(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីជំនាញជាច្រើនរូបទៀត បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ធ្វើដំណើរទៅកាន់ប្រទេសថៃ រយៈពេល ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយភាគីថៃ លើពីការគ្រប់គ្រង និងសាងសង់មណ្ឌលមជ្ឈមណ្ឌលសំចតទី១ នៅក្រុងប៉ោយប៉ែត។
គណៈប្រតិភូកម្ពុជាខាងលើដឹកនាំដោយ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរួមដំណើពីលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកបច្ចេកទេស លោក សៅ ឡែន អនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងការងារ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអភិបាលខេត្តបន្ទាយមានជ័យផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ញ៉ឹក វណ្ណារ៉ា មានលើកឡើងថា ដំណើរទស្សនកិច្ចនាពេលនេះ គឺបានផ្តោតសំខាន់លើ៖
*ទី១ ៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី២ ៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី៣ ៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស
*ទី៤ ៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា ការសម្រេចកសាងមជ្ឈមណ្ឌលសំចតទី១ និងដំបូងបង្អស់ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត នាពេលនេះ គឺបានបង្ហាញពីចំណុចចាប់ផ្តើមជាវិជ្ជមានរបស់កម្ពុជា-ថៃ លើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និង សមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្នុងប្រទេសថៃ ដែលកម្ពុជា និងថៃបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
លោកបន្តថា ការបង្កើតមជ្ឈមណ្ឌលសំចតជួយជនរងគ្រោះ នៅតាមព្រំដែនជាច្រើនកន្លែង នៅតាមច្រកព្រំដែន ពិតជាមានសារសំខាន់ណាស់ និងបានចូលរួម ចំណែក ការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន ជាពិសេសជាការលើកមុខមាត់ រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។
បើតាមរបាយការណ៍ពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ បានឲ្យដឹងថា គិតមកដល់ពេលនេះ នាយកដ្ឋានមួយនេះទទួលបាន ជនរងគ្រោះ ពីការធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសនានាសរុបចំនួន១១៧នាក់ ក្នុងនោះស្រ្តី៥៧នាក់ ដែលជនរងគ្រោះទាំងនោះ មកពីប្រទេសម៉ាឡេស៊ីចំនួន ៤១នាក់ ឥណ្ឌូនេស៊ី ចំនួន២០នាក់ ប្រទេសថៃចំនួន ៤៥នាក់ ប្រទេសចិនចំនួន ៤នាក់ ប្រទេសជប៉ុនចំនួន ៦នាក់ និងប្រទេសសិង្ហបុរីចំនួនម្នាក់៕