(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទប្រមាណជិត ១ពាន់នាក់ បានកាន់បដារក្នុងដៃព្រោងព្រាត លើកគ្នាទៅកាន់វត្តគោកបញ្ជាន់ ធ្វើកូដកម្មបណ្ដេញព្រះចៅអធិការវត្តពីវត្ត ដោយពួកគាត់បានចោទប្រកាន់ព្រះចៅអធិការអង្គនេះថា បានកាត់ដីវត្តខាងលើលក់ទៅឲ្យឈ្មួញស្រេចតែចិត្ត និងអសមត្ថភាពក្នុងការដឹកនាំវត្ត ព្រមទាំងប្រព្រឹត្តផ្ទុយពីករណីកិច្ច និងពុទ្ធវិន័យជាដើម។
ការតវ៉ានេះបានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវត្តគោកបញ្ជន់ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទាំងអស់ជាអ្នករស់នៅក្នុងភូមិចោមចៅទី១-២-៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ពួកគាត់បានតវ៉ា ក្រោមការដឹកនាំពីឧត្តមសេនីយ៍ត្រីយោធាម្នាក់ ដោយនាំគ្នាចូលទៅវត្ត ប៉ុន្តែមិនបានប្រើអំពើហិង្សាណាមួយទៅលើព្រះចៅអធិការ ឬព្រះសង្ឃនៅក្នុងវត្តនោះឡើយ ចំណែកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានវិញ បានដាក់កម្លាំងការពារសុវត្ថិភាពគូភាគីទាំងសងខាង ខ្លាចមានអំពើហិង្សា និងសម្របសម្រួលឲ្យមានការស្ងប់ស្ងាត់។
ប្រជាពលរដ្ឋដែលជាអ្នកតវ៉ា បាននិយាយថា ពួកគេលើកគ្នាទៅកាន់វត្តនាពេលនេះ ដើម្បីស្នើសុំលក្ខខណ្ឌមួយចំនួនរួមមាន៖
*ទី១ ៖ សុំដកភិក្ខុ សង ថង ដែលជាចៅអធិការវត្តគោកបញ្ជាន់
*ទី២ ៖ ភិក្ខុ សង ថង ត្រូវនិមន្តចេញពីវត្តគោកបញ្ជាន់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ
*ទី៣ ៖ សុំទាមទារដីទំហំ ៧ម៉ែត្រ គុណនឹង ១៥០ម៉ែត្រ ដែលភិក្ខុ សេង ថង លក់ឲ្យឈ្មួញយកមកទុកជាសម្បត្តិគរុភណ្ឌវត្តវិញ
*ទី៤ ៖ សុំរៀបចំតែងតាំងចៅអធិការវត្តគោកបញ្ជាន់ជាថ្មីឡើងវិញ
*ទី៥ ៖ រៀបចំបោះឆ្នោតជ្រើសរើសអាចារ្យគណៈកម្មការវត្តគោកបញ្ជាន់សារជាថ្មីឡើងវិញ ព្រោះភិក្ខុ សេង ថង អសមត្ថភាពមិនអាចគ្រប់គ្រងដឹកនាំវត្តគោបញ្ជាន់ឡើងវិញបានទេ *ទី៦ ៖ ដកចេញពីធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីប្រជាពលរដ្ឋធ្វើការតវ៉ា ព្រះតេជគុណ សេង ថង ចៅអធិការវត្ត ព្រះអង្គបានបដិសេធថា ព្រះអង្គមិនបានប្រព្រឹត្តដូចដែលអ្វីជាការចោទប្រកាន់របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គមានតែការពារដីវត្តយ៉ាងដាច់ខាងតទៅវិញទេ។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនទៀត ក៏បានអះអាថា ព្រះចៅអធិការវត្ត មិនមានកំហុសអ្វីដល់ថ្នាក់ត្រូវដកចេញ ឬបណ្ដេញចេញពីវត្តនោះដែរ ហើយអ្នកតវ៉ាប្រឆាំងព្រះអង្គមួយចំនួនត្រូវបានមេខ្យល់ជួលឲ្យទៅតវ៉ាក្នុងម្នាក់ ១០ដុល្លារថែមទៀតផង។
រីឯអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា រឿងហេតុនេះបានកើតឡើងយូរមកហើយ និងត្រូវបានក្រសួងធម្មការ និងសាសនា ដោះស្រាយបញ្ចប់អធិករណ៍រួចរាល់ហើយដែរ ប៉ុន្តែពេលនេះមិនដឹងថា យ៉ាងម៉េចទើបមានការតវ៉ាជាថ្មីទៀតបែបនេះ ប៉ុន្តែបន្ទាប់ពីធ្វើការតវ៉ាបានរយៈពេលប្រហែល ២ម៉ោងប៉ុណ្ណោះ នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃដដែល ប្រជាពលរដ្ឋក៏បានរំសាយទៅវិញហើយដែរ៕