(ត្បូងឃ្មុំ)៖ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋជាង២ពាន់នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមសាមគ្គីគ្នាការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ ទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមឧទ្ទាម។

ការអំពាវនាវរបស់លោក វេង សាខុន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ប្រារព្វមីទ្ទីញមហាជនអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅស្នាក់ការបក្សស្រុកតំបែរ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនខ្មែរឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន ២០៥៤នាក់ ដែលអញ្ជើញមកពីឃុំទាំង ៧ នៃស្រុកតំបែរ។

ស្ថិតក្នុងឱកាសដែលពលរដ្ឋកំពុង ចូលរួមអបអរសាទរពិធីរំលឹកខួបនេះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាពញាចក្រី ហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ មកជូនបងប្អូនដែលនៅទីនេះ និងនៅទូទាំងស្រុកតំបែរ និងបានផ្ញើសារជូនពរសព្ទសាធុការចូលមាន ដល់ជនរួមជាតិខ្មែរនៅទូទាំងប្រទេស និងដោយឡែកបងប្អូន នៅស្រុកតំបែរ ក្នុងឱកាសចូលឆ្នាំសាកល២០២០ ខាងមុខ និងសូមទទួលយកនូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ។

ឆ្លៀតយកឱកាសនេះ លោក វេង សាខុន បានជម្រាបជូនអង្គមីទ្ទីញថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ នៅតំបន់រំដោះក្នុងភូមិជើងឃ្លូ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើង ក្នុងស្ថានភាពមួយយ៉ាងលំបាកវេទនា ហើយបច្ចុប្បន្នត្រូវបានប្តូរឈ្មោះ មកជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាវិញ។ មូលហេតុសំខាន់ៗដែលឈានទៅ ដល់បង្កើតរណសិរ្សនេះឡើង គឺដោយសារខណ:នោះប្រទេសជាតិយើងទាំងមូល បានធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលប្រកាន់មនោគមវិទ្យាដឹកនាំប្រទេសបែបផ្តាច់ការ ខ្មៅងងឹត សម្លាប់រង្គាល ព្រៃផ្សៃយង់ឃ្នង និរាសព្រាត់ប្រាស់គ្រួសារ រងទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា បង្អត់អាហារ រស់នៅដូចសត្វធាតុ ធ្វើការហួសកំលាំង គ្មានមន្ទីរពេទ្យ សាលារៀន សាសនា និងទីផ្សារ។

លោកលើកឡើងថា មើលឃើញច្បាស់ពីគ្រោះមហន្តរាយនេះ បានធ្វើឲ្យវីរៈយុទ្ធជន យុទ្ធនារី និងកម្មាភិបាលអ្នកស្នេហាជាតិ បានធ្វើពលីកម្មអាយុជីវិត រួបរួមសាមគ្គីគ្នាជាធ្លុងមួយបង្កើតបានជាកំលាំងដ៏ខ្លាំងក្លាមហិមារនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីតស៊ូប្រយុទ្ធវាយរំដោះប្រទេសជាតិ និងប្រជាជនពីរបបពេជឃាត ប៉ុល ពត រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្រ្ត ដែលកូនខ្មែរបានចងចាំទុកមិនអាចបំភ្លេចបាន គឺថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយពិតណាស់មានថ្ងៃ ២ធ្នូ ទើបមានថ្ងៃ ៧មករា ហើយមានថ្ងៃ ៧មករា ទើបយើងមានសុខសន្តិភាព បង្រួបបង្រួម ផ្សះផ្សាជាតិ ស្ថិរភាព និងការអភិវឌ្ឍន៍នាបច្ចុប្បន្ននេះ។

លោកប្រធានក្រុមការងារបញ្ជាក់បន្ថែមថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានអាយុ៤១ឆ្នាំហើយ ប្រទេសជាតិក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលបានស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ កែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ តាំងពីប្រទេសខ្ទេចខ្ទាំ អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញស្ទើរគ្មានសល់ ដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អសន្តិសុខសង្គម មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចថេរ ៧% ជាប្រទេសផលិតដើម្បីធ្វើការ នាំចេញ។

លោកលើកឡើងថា ជាក់ស្តែងឆ្នាំ១៩៩៣ ពលរដ្ឋមានចំណូលត្រឹមតែ ២៥៤ដុល្លារ/ម្នាក់ តែ ២០១៩ ចំណូលនេះកើនដល់ ១ ៦៧៩ដុល្លារ/ម្នាក់ អត្រានៃភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹមក្រោម១០% ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គាំទ្រសំខាន់ៗ មានស្ពាន ផ្លូវថ្នល់ កំពង់ផែរ ព្រលានយន្តហោះ វារីអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បានកើតឡើង និងរីកដុះដាលទូទាំងផ្ទៃប្រទេស ហើយបាននិងកំពុងបម្រើឲ្យសេចក្តីត្រូវរបស់សាធារណជនយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។

លោកបន្តទៀតថា ក្រៅពីនេះ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈ ក្នុងការអនុវត្តន៍គោលនយោបាយ ធ្វើកំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដោយបន្តយកចិត្តទុកដាក់ លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក និងអភិក្រមទាំង៥ របស់សម្តេចគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ បន្តពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម។ បន្តកែលម្អប្រព័ន្ធឡូជីស្ទីក លើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ លើកស្ទួយការប្រកួតប្រជែងសហគ្រាសធុនតូច និងមធ្យម លើស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ ការគ្រប់គ្រង នគរូបនីកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការធានាចីរភាពបរិស្ថាន។ បន្តកាត់បន្ថយថ្លៃ និងការធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តទាំងអស់នេះ គឺរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ យកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយចីរភាព និងនិរន្តរភាព និងឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

លោក វេង សាខុន បានជម្រាបជូនប្រជាពលរដ្ឋទៀតថា ដើម្បីធ្វើឲ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួនបួនគឺ៖

ទី១៖ ធានាឲ្យមានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ឲ្យមានភាពទូលំទូលាយ និងមានភាពប្រគួតប្រជែង។ ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផលិតផលសរុបនៅឆ្នាំ២០២០ មានការកើនឡើងដល់ ២៩ ៣៦២ លានដុល្លារ (ផសស មនុស្សម្នាក់អាចកើនឡើង ១ ៨១៦ដុល្លារ)។

ទី២៖ បង្កើតការ ងារឲ្យកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនជាពិសេសសម្រាប់យុវជន។

ទី៣៖ ធ្វើឲ្យសម្រេចបានតាមគោលដៅកាត់បន្ថយភាពក្រីក្រឲ្យស្ថិតក្នុងអត្រាទាបក្រោម១០%។

ទី៤៖ បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពសេវាសាធារណៈ សំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង មានប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកសង្កត់ធ្ងន់ថា «ជាសត្យានុម័ត មហិច្ឆិតាទាំងអស់នេះអាចសម្រេចទៅបាន ដ៏រាបណាយើងទាំងអស់គ្នាដែលស្ថិតក្រោមដំបូលសុខសន្តិភាពនេះ ត្រូវខិតខំថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាពិសេសត្រូវរួមសាមគ្គី គ្នាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ជាពិសេសទប់ស្កាត់ឲ្យខាងតែបាន និងមានប្រសិទ្ធភាព ចំពោះការព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ពួកឧទ្ទាម»