(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានណែនាំឲ្យអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចត្រូវចាត់ចែងកម្លាំងចុះល្បាតក្នុងមូលដ្ឋានអោយបានល្អប្រសើរ។ ក្នុងនោះដែរ ការបង្រកាទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏ត្រូវតែពង្រឹងឲ្យបានរឹងមាំ ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
ការណែនាំបែបនេះរបស់លោក ថេង សុថុល បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមទទួលយក និងដោះស្រាយបញ្ហាកង្វល់ជូនប្រជាពលដ្ឋ ក្នុងវេទិការសាធារណៈនៅសហគមន៍រុងរឿង ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានប្រជាសហគមន៍ជិត១០០នាក់ ចូលរួមលើកឡើងពីបញ្ហាកង្វល់ អោយអាជ្ញាធរដោះស្រាយ។
លោក ថេង សុថុល បានថ្លែងថា ប៉ូលិសប៉ុស្តិ៍ ត្រូវសហការជាមួយនឹងកំលាំងសន្តិសុខសង្កាត់ ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងពិសេស គឺបទល្មើសពាក់ព័ន្ធគ្រឿងញៀន ដែលជាបញ្ហាប្រឈមជាមួយដែលយើង ត្រូវតែលុបបំបាត់អោយអស់ពីក្នុងមូលដ្ឋាន។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសំរាមលោកអភិបាលខណ្ឌក៏បានណែនាំដោយអាជ្ញាធរសង្កាត់ សហការជាមួយក្រុមហ៊ុនស៊ីនទ្រីធ្វើយ៉ាងណា ប្រមូលសំរាមឲ្យអស់ចេញពីមូលដ្ឋានដើម្បីធ្វើយ៉ាងណាឲ្យភូមិដ្ឋានរបស់យើងមានបរិស្ថានល្អនិងមានផាសុខភាព។
ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដូចជាអាជ្ញាធរចុះបុកស៊ីផាយប្រឡាយបឹងត្របែក ដែលប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋសហគមន៍នោះ លោក ថេង សុថុល បានប្រាប់ប្រជា សហគមន៍ថា អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋដោយរំកិលលំឋានពីទីតាំងចាស់ ទៅរស់នៅក្បែរៗនឹង ហើយការងារបុកស៊ីផាយចប់សព្វគ្រប់ គឺខាងសាលារាជធានីផ្តល់ជូនវិញ ដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែងជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ក្នុងការចូលរួមរំលែកនូវការលំបារបស់សមាជិកសហគមន៍រុងរឿង ដែលជួបនូវទុក្ខលំបាក ដូចសមាជិកទទួលមរណភាព លោកអភិបាលខណ្ឌ ថេង សុថុល សូមចូលរួមជាមួយមូលនិធិរបស់សមាជិកសហគមន៍ ចំនួន ២០ម៉ឺនរៀល បន្ថែមលើថវិការសន្សំរបស់សមាជិកសហគមន៍ស្រាប់ ១០ម៉ឺនរៀល៕