(ភ្នំពេញ)៖ នគរបាល គឺសំដៅទៅលើអ្នករក្សានគរ ដែលមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការការពារ ថែរក្សានូវ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
នៅពេលដែលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងទៅនគរបាលដែលទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌ ដែលនៅជិតខ្លួនបំផុត។
ដើម្បីយល់កាន់តែច្បាស់ថាតើមន្រ្តីនគរបាលយុត្តិធម៌មានបេសកកម្មយ៉ាងណាក្នុងការចូលរួមចំណែកផ្តល់សេវាយុត្តិធម៌ជូនប្រជាលរដ្ឋ ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បេសកកម្មមន្រ្តីនគរបាលយុត្តិធម៌» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
នគរបាលយុត្តិធម៌រួមមាន មន្រ្តីនគរបាលយុត្តិធម៌ ភា្នក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីរាជការនិងភ្នាក់ងារ សាធារណៈដទៃទៀតដែលច្បាប់ដោយទ្បែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសខ្លះៗ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។
សម្រាប់សប្តាហ៍នេះ កម្មវិធីយើងសូមលើកយកតែបេសកកម្មមន្រ្តីនគរបាលយុត្តិធម៌ ដែលបានបញ្ញាត្តិនៅក្នុង មាត្រា៧១-៧៥ នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ ដូចខាងក្រោម៖
មន្ត្រីនគរបាលយុត្តិធម៌ទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ។ មន្ត្រីនគរបាលយុត្តិធម៌មានតួនាទីពិនិត្យបទល្មើសទាំងឡាយ និងធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម ក្នុងលក្ខខណ្ឌនៃច្បាប់។
កាលណាការស៊ើបសួរបានចាប់ផ្តើម មន្ត្រីនគរបាលយុត្តិធម៌អនុវត្តដីកាចាត់ឲ្យស៊ើបសួរជំនួសពីចៅក្រមស៊ើបសួរ នៅក្នុងលក្ខខណ្ឌដែលបានចែងដោយមាត្រា ១៧៣ (ដីការចាត់ឲ្យស៊ើបសួរជំនួស) ដល់មាត្រា ១៨៤ (កំណត់ ហេតុកសាងដោយមន្ត្រីនគរបាលយុត្តិធម៌) នៃក្រមនេះ។
គ្រប់បណ្តឹងដែលទទួលបានដោយមន្ត្រីនគរបាលយុត្តិធម៌នោះតម្រូវឲ្យមានអ្នកធ្វើកំណត់ហេតុ។ កំណត់ហេតុត្រូវស្រង់ដោយត្រឹមត្រូវនូវសេចក្តីរាយការណ៏របស់អ្នកប្តឹង។ ក្នុងករណីចាំបាច់ មន្ត្រីនគរបាលយុត្តិធម៌ អាចហៅរកអ្នកបកប្រែម្នាក់ដែលត្រូវស្បថតាមជំនឿ ឬសាសនា ខ្លួននឹងបកប្រែភាសាឲ្យបានត្រឹមត្រូវតាមសេចក្តីរាយការណ៏។ នៅក្នុងករណីណាក៏ដោយ អ្នកបកប្រែភាសាមិនអាចត្រូវបានជ្រើសរើសក្នុងចំណោមនគរបាល ឬកងរាជអាវុធហត្ថដែលជាកម្លាំងរួមប្រតិបត្តិការបានឡើយ ។
កំណត់ហេតុស្តីអំពីការដាក់ពាក្យបណ្តឹងត្រូវមានចុះសេចក្តីដូចតទៅ ៖
* ឈ្មោះ និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌
* អង្គភាពរបស់មន្ត្រីនគរបាលយុត្តិធម៌នេះ
* កាលបរិច្ឆេទ។
ទំព័រនីមួយៗ ត្រូវចុះហត្ថលេខាដោយមន្ត្រីនគរបាលយុត្តិធម៌ និងអ្នកប្តឹង ។ ការឆូត ការថែម និងការយោង ត្រូវតែមានបញ្ជាក់ដោយមានចុះហត្ថលេខារបស់មន្ត្រីនគរបាលយុត្តិធម៌ និងអ្នកប្តឹងនៅរឹមទំព័រ។ មុននឹងចុះហត្ថលេខា ឬផ្តិតម្រាមដៃ អ្នកប្តឹងត្រូវអានកំណត់ហេតុឡើងវិញ។ ក្នុងករណីចាំបាច់ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអានខ្លឹមសារកំណត់ហេតុដោយសម្លេងខ្លាំងៗ។
នៅគ្រប់អង្គភាពនគរបាលយុត្តិធម៌ ត្រូវតែមានបញ្ជីបណ្តឹងមួយ និងនៅគ្រប់ពេលដែលមានការដាក់ពាក្យបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌ត្រូវចុះក្នុងបញ្ជីនិទ្ទេសដូចតទៅ ៖
* អត្តសញ្ញាណរបស់អ្នកប្តឹង
* កាលបរិឆ្ឆេទនៃការដាក់ពាក្យប្តឹង
* ឈ្មោះ និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌ ដែលធ្វើកំណត់ហេតុស្តីពីការដាក់ពាក្យប្តឹង
* ប្រភេទនៃអំពើដែលប្តឹង
* ចំណាត់ការលើបណ្តឹងដូចជាបញ្ជូនទៅព្រះរាជអាជ្ញា ឬក៏ផ្តើមធ្វើការស៊ើបអង្កេត ។
បញ្ជីបណ្តឹងត្រូវតែកាន់កាប់ជាអចិន្ត្រៃយ៏សម្រាប់ជូនអាជ្ញាធរតុលាការតាមត្រូវការ។ មន្ត្រីនគរបាលយុត្តិធម៌ដែលទទួលបណ្តឹងនោះ ត្រូវតែចាប់ផ្តើមភ្លាមៗធ្វើការស៊ើបអង្កេត ឬក៏បញ្ជូនកំណត់ហេតុស្តីពីការដាក់ពាក្យប្តឹងនោះ ទៅព្រះរាជអាជ្ញាដើម្បីចាត់ការតទៅ ។
មន្ត្រីនគរបាលយុត្តិធម៌ មុនធ្វើការស៊ើបអង្កេត អាចសុំសេចក្តីណែនាំពីព្រះរាជអាជ្ញា។ កាលណាទទួលបណ្តឹងបរិហារ ដែលមានបង្ហាញមូលហេតុជាក់ច្បាស់សមហេតុផល មន្ត្រីនគរបាលយុត្តិធម៌ ត្រូវជូនព័ត៌មានដល់ព្រះរាជអាជ្ញា និងសុំការណែនាំ ។
ក្នុងករណីណាក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌ មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើស និងជនរងគ្រោះ ឬក៏មានការដកពាក្យប្តឹងក៏ដោយ។
មន្ត្រីនគរបាលយុត្តិធម៌ដែលរក្សាទុកកំណត់ហេតុ ឬវត្ថុតាងដោយអចេតនា ឬក៏លាក់បំបាំងដល់អាជ្ញាធរ តុលាការ អំពីអត្ថិភាពនៃកំណត់ហេតុ ឬវត្ថុតាង ត្រូវចាត់ទុកថាមន្ត្រីនគរបាលនោះបានប្រព្រឹត្តិបទល្មើស ដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកភស្តុតាង។
ដើម្បីយល់កាន់តែច្បាស់ពីចំណុចខាងលើនេះ យើងសូមជូនឧទាហរណ៏ដូចតទៅ៖ បុរស “ក” បានចាប់ផ្តើមមានទំនាក់ទំនងសេ្នហាជាមួយនារី “ខ” ដោយនៅថ្ងៃមួយបុរស “ក” បានបបួលនារី “ខ” ទៅដើរលេងកម្សាន្ត ហើយបានលួងលោមនារី “ខ” នោះឲ្យចូលមកលេងក្នុងផ្ទះរបស់ខ្លួន។
ដោយសារបុរស“ក” មានចំណងផ្លូវភេទជាខ្លាំងក៏បានចាប់បង្ខំនារី “ខ” រំលោភសេពសន្ថវៈរហូតដល់បានសម្រេច បើទោះតែជាមានការសុំអង្វរ និងរើបម្រាស់ពីនារី “ខ” យ៉ាងណាក៏ដោយ។ នៅថ្ងៃបន្ទាប់នារី “ខ” បានដាក់ពាក្យបណ្តឹងនៅមន្ត្រីនគរបាលយុត្តិធម៌ ប្តឹងបុរស “ក” ពីបទរំលោភ សេពសន្ថវៈ។ ដោយសារមានការសម្រុះសម្រួលគ្នា និងផ្តល់នូវសំណង់ជម្ងឺចិត្ត ទើបនារី “ខ” យល់ព្រមដកពាក្យ បណ្តឹងនៅមន្រ្តីនគរបាលយុត្តិធម៌។
ចំពោះករណីខាងលើនេះ ជាបទល្មើសព្រហ្មទណ្ឌមិនអាចត្រូវបានរំលត់ដោយការសម្រុះសម្រួលគ្នារវាងជនល្មើសជាមួយរងគ្រោះ ឬដោយសារមានការដកពាក្យបណ្តឹងវិញក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងទុកឥតចាត់ការបានទ្បើយ ។
សរុបមក មន្រ្តីនគរបាលយុត្តិធម៌មានបេសកកម្មយ៉ាងសំខាន់ក្នុងការទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ ដើម្បីធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង ធ្វើការស៊ើបអង្កេតបឋម និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាងបញ្ជូនទៅស្ថាប័នអយ្យការ ចាត់ការបន្តតាមនីតិវីធិច្បាប់។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕