(ស្វាយរៀង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់អ្នករងគ្រោះដោយសារមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ចំនួន ៣០៥នាក់ មកពីស្រុកស្វាយជ្រំ ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ ស្រុករមាសហែក ស្រុករំដួល ស្រុកចន្ទ្រា និងក្រុងស្វាយរៀង។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីសមាជិកសមាជិកា នៃគណៈកម្មាធិការសាខា លោក លោកស្រីតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត។
បើបាយការណ៍សង្ខេបស្តីពី ចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ នៅថ្នាក់ខេត្តមានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ២កន្លែង និងមានសេវាធ្វើតេស្តឈាម ដោយចោះចុងម្រាមដៃនៅគ្រប់មណ្ឌលសុខភាពទូទាំងខេត្តដោយឥតគិតថ្លៃ មានសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ២កន្លែង មានក្រុមថែទាំអ្នកជំងឺអេដស៍តាមផ្ទះ ដែលសម្របសម្រួល ដោយបណ្តាញ អ្នកផ្ទុកមេរោគអេសដ៍ ជាលទ្ធផលគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ អ្នកផ្តុកមេរោកអេដស៍ មានចំនួន ១.៣៧៤នាក់។
លោក ម៉ែន វិបុល បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់សាខា ដែលបានអនុវត្តកន្លងមក ហើយកុំមានការើសអើង ព្រោះបច្ចុប្បន្នមានការគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដោយជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវភាពរបស់ពួកគេមានភាព ប្រសើរឡើង ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ ៦ចំណុចដូចតទៅ៖
*ទី១ ៖ សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹងពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍
*ទី២ ៖ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាម រកមេរោគអេដស៍ និងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងចូលរួមសហការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ
*ទី៣ ៖ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជំរុញ លើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវា ព្យាបាលទាំងអស់គ្នា
*ទី៤៖ សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឱ្យឆ្លងមេរោគ អេដស៍នេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន យុវនារីត្រូវប្រុងប្រយ័ត្ន និងចងចាំថា ការការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់
*ទី៥ ៖ មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាតហើយ ត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់
*ទី៦ ៖ សូមអ្នកផ្ទុកមេរោគអេដស៍កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯងហើយត្រូវប្រញាប់រួសរាន់ទៅទទួល ការប្រឹក្សា និងការព្យាបាលឱ្យបានទាន់ពេលវេលា។
សម្ភារដែលសាខាបានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ចំនួន ៣០៥នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខកំប៉ុង ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, សាប៊ូដុំ ៤ដុំ, ទឹកដោះគោខាប់ ៥កំប៉ុង, មុង១, ភួយ១, សារ៉ុង១, ក្រម៉ា១, អាវយឺត១ និងថវិកា ៤០,០០០រៀល៕