(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តនាពេលរាត្រីមួយកន្លែងយីហោ «ម៉ាស្ទ័រក្លឹប» ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ដោយឃាត់ខ្លួនមនុស្សចំនួន ១៦៤នាក់ ភាគច្រើនជាយុវជន យកទៅធ្វើតេស្តទឹកនោម ដើម្បីស្វែងរកសារធាតុញៀន។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះថា នៅវេលាម៉ោងជាង ១រំលងអាធ្រាត្រយប់មិញ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលការិយាល័យអន្ដរាគមន៍ និងកម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមន ក្រោមគោលការណ៍ឯកភាពពីអភិបាល ខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានចុះអនុវត្តវិធានការរដ្ឋបាលចំហរចុះត្រួតពិនិត្យក្លឹបកម្សាន្តយីហោ «ម៉ាស្ទ័រក្លឹប»។
ជាលទ្ធផលលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មនុស្សចំនួន ១៦៤នាក់ (ស្រី ៦២នាក់) ត្រូវបានឃាត់ខ្លួនដើម្បីធ្វើតេស្តទឹកនោម ហើយយើងរកឃើញថាមានផ្ទុកសារធាតុញៀនចំនួន ៣០នាក់ (ស្រី៧នាក់)។
សម្រាប់មនុស្សចំនួន៣០នាក់ ដែលបានរកឃើញមានផ្ទុកសារធាតុញៀននោះ ត្រូវចាត់វិធានការតាមនីតិបន្តទៀត។
បើតាមលោកស្នងការ សម្រាប់ប្រតិបត្តិការខាងលើនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ចូលរួមកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀននៅលើទឹកដីខេត្តកំពង់ស្ពឺ៕