(ភ្នំពេញ)៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក៏ដូចជាការគ្រប់គ្រងសំរាមឱ្យកាន់តែមានប្រសិទ្ធភាព និរន្តភាព ដើម្បីឱ្យបរិស្ថាននៅជុំវិញខ្លួនយើងបានស្អាត គឺជាការបង្ហាញពីឥរិយាបថល្អ និងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗ ក្នុងការចូលរួមសំអាតបរិស្ថាន ដើម្បីឱ្យទីក្រុងស្អាត ក៏ដូចជាប្រទេសបានស្អាតផងដែរ។

លោក សុខ សប្បាយណា បានលើកឡើងយ៉ាងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការភ្នំពេញ ស្អាតឆ្នាំ២០១៩ និងការប្រកាសពានរង្វាន់គម្រោងទស្សនទាន «សាលាស្អាត» ដែលបានរៀបចំឡើងនៅសាល អ៊ីអន ម៉ល សែនសុន និងដោយមានការចូលរួមពីលោក ជួប ប៉ារីស អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន, លោក ហៃ ភិរម្យ សហស្ថាបនិកនៃគម្រោងស្អាត, លោកស្រី ជា សុផល្លា សហស្ថាបនិកនៃគម្រោងស្អាត រួមទាំងមានសិស្សានុសិស្ស អាណាព្យាបាលជាច្រើនរូបផងដែរ។

លោក សុខ សប្បាយណា បានឱ្យដឹងថា សកម្មភាពយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩នេះ ពិតជាបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពីសមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិ ក្រុមការងារស្នូល ក៏ដូចជាយុវជនសុឆន្ទៈស្អាត ដែលបានខ្នះខ្នែងរៀបចំអនុវត្តផែនការសកម្មភាព ប្រកបដោយភាពជាអ្នកដឹកនាំ ការងារជាក្រុម និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលក្នុងនោះមានដូចជាការចុះផ្សព្វផ្សាយ និងបញ្ជ្រាបយុទ្ធនាការភ្នំពេញស្អាត ឲ្យបានទូលំទូលាយនៅតាមបណ្តា សាលារដ្ឋ និងឯកជនតាមរយៈការដាក់ឱ្យប្រកួតប្រជែងគម្រាងទស្សនាទាន «សាលាស្អាត» ក៏ដូចជាចុះផ្សព្វផ្សាយ និងបញ្ជ្រាបសាភ្នំពេញស្អាត។

លោកបានបន្ថែមទៀតថា យុទ្ធនាការ និងចលនាប្រឡងប្រណាំងសាលាស្អាត ត្រូវបានបង្កើតឡើងតាមរយៈ សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការកំណត់គោលការណ៍លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការវាយតម្លៃសាលាស្អាត។ ក្នុងន័យនេះតាមប្រសាសន៍របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានឱ្យដឹងថា សាលាស្អាត គឺជាការបង្ហាញអំពីការការគិតគូរខ្ពស់ ទៅលើបញ្ហាបរិស្ថាន ផលប៉ះពាល់នៃថង់ប្លាស្លិក និងភាពបៃតង ដែលតម្រូវឱ្យសាលាស្អាតនីមួយៗ ចូលរួមអនុវត្តទៅតាមលក្ខខណ្ឌដែលបានកំណត់ព្រមទាំងជាបែបផែនមួយ ដើម្បីធ្វើការអប់រំទៅដល់សិស្សានុសិស្ស និងនិស្សិត ឱ្យទទួលបានការយល់ដឹងច្រើនពីបរិស្ថាន និងផលប៉ះពាល់បរិស្ថាន។

លោក សុខ សប្បាយណា ក៏បានស្នើឱ្យសិស្សានុសិស្សតំណាងសាលា ដែលទទួលបានជ័យលាភី មេត្តាចូលរួមបន្តផ្សព្វផ្សាយភាពជាគំរូ ទៅដល់យុវជនដទៃទៀត ឱ្យបានជ្រួតជ្រាបពីការទុកសំរាមឱ្យបានត្រឹមត្រូវ និងអនាម័យសាលាស្អាត ទីក្រុងស្អាត ក៏ដូចជាប្រទេសកម្ពុជាស្អាតផងដែរ។ តាមរយៈទស្សនាទានគម្រោងសាលាស្អាត ដែលទទួលបានជ័យលាភីនេះ នឹងបន្ថែមជាធាតុចូលសំខាន់មួយ ដើម្បីជំរុញអនុវត្តយុទ្ធនាការ និងចលនាប្រឡងប្រណាំងសាលាស្អាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ។

យុវសិស្ស តុង ឌឺរាម៉ា តំណាងឱ្យសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានទទួលជ័យលាភីបានឱ្យដឹងថា បានជាក្រុមរបស់ប្អូនសម្រេចចិត្តដាក់ ពាក្យចូលរួមប្រកួតនេះ គឺដោយសារតែចង់មើលឃើញពីបរិស្ថាន នៅជុំវិញខ្លួនស្អាត និងដើម្បីចង់បង្ហាញថា សាលាគឺជាគំរូដ៏ល្អមួយ ដូចនេះដើម្បីចង់ឱ្យបរិស្ថានស្អាត គឺត្រូវតែចាប់ផ្តើមចេញពីសាលាមុនគេ និងចេញពីសិស្សានុសិស្សទាំងអស់គ្នា ក្នុងការចូលរួមថែរក្សាបរិស្ថានដើម្បីឱ្យសាលាបានស្អាត ដូចនេះដែរបើចង់ឱ្យប្រទេសមួយមានបរិស្ថានស្អាត ក៏ត្រូវតែមានការចូលរួមពីយុវជន ក្នុងការចូលរួមសំអាតបរិស្ថាន និងចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ដែរថា សាលាដែលទទួលបានជ័យលាភីក្នុងគម្រោងទស្សនទាន «សាលាស្អាត» មានវិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យទួលទំពួង និងវិទ្យាល័យវ៉េស្ទឡាញន៍ សន្ធរមុខ៕