(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកួតប្រជែង និងការដាក់ពិន្ទុពីគណៈមេប្រយោគ ទីបំផុតបានរកឃើញភាពយន្ដជាតិឆ្នើមលើកទី៦ ដែលបានទៅលើរឿង «នាឡិកាដាសវិញ្ញាណ» របស់ផលិតកម្ម LD Picture ដែលជាស្នាដៃដឹកនាំរឿងដោយលោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture។
ពានរង្វាន់ភាពយន្ដជាតិឆ្នើមលើកទី៦ ត្រូវបានប្រកាសលទ្ធផល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកម្មវិធីមហោស្រពភាពយន្ដជាតិលើកទី៦ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ម្ចាស់ផលិកម្ម ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនរូបផងដែរ។
មហោស្រពភាពយន្ដឆ្នាំនេះ មានការចូលរួមប្រកួតប្រជែង ពីភាពយន្ដប្រមាណជា១៨រឿង និងបានចំរាញ់យកខ្សែរភាពយន្ដល្អបំផុតចំនួន៨រឿង ដើម្បីដាក់ចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងថ្ងៃនេះ ហើយភាពយន្ដដែលបានចូលរួមសុទ្ធសឹងតែជារឿងដែលមានគុណភាព។
ពាន់រង្វាន់ភាពយន្ដឆ្នើម ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ជាទឹកប្រាក់ចំនួន៣០លានរៀលផងដែរ។ ក្រៅពីពានរង្វាន់ភាពយន្ដឆ្នើម ក៏មានពានរង្វាន់ជាច្រើនទៀត ដែលបានប្រគល់ជូនម្ចាស់ជ័យលាភីរួមមាន៖ ពានរង្វាន់អ្នកតុបតែងឆាកឆ្នើម, ពានរង្វាន់អ្នកកាត់តតម្លើងរូបភាពឆ្នើម, ពានរង្វាន់ផ្គុំសំឡេងឆ្នើម, ពានរង្វាន់តួសម្ដែងបុរសឆ្នើម, ពានរង្វាន់តួសម្ដែងនារីឆ្នើម, ពានរង្វាន់តារាប្រុស និងតារាស្រី្ដឆ្នើម, ពានរង្វាន់ផលិតករឆ្នើម, ពានរង្វាន់ភាពយន្ដ ទទួលបានការគាំទ្រច្រើន, ពានរង្វាន់អ្នកថតភាពយន្ដឆ្នើមប្រចាំប្រទេស, ពានរង្វាន់អ្នកដឹកនាំឆ្នើម និងពានរង្វាន់អ្នកនិពន្ធរឿងឆ្នើម។
លោក សោម សុគន្ធ បានកោតសសើរ ចំពោះការខិតខំប្រឹងប្រែង មន្រ្ដីនាយកដ្ឋានភាពយន្ដ និងដៃគូសហការនានា ដែលខិតខំផ្ដួចផ្ដើម ជំរុញមហោស្រពភាពយន្ដជាតិលើកទី៦ បានលេចចេញជារូបរាង និងបានបញ្ជាក់ជាស្ថាពរនៅក្នុងថ្ងៃនេះ។
លោកបានបន្ថែមថា ក្នុងមហោស្រពភាពយន្ដឆ្នាំនេះ យើងពិតជារីករាយក្នុងកំណើននៃភាពយន្ដ និងគុណភាព ដែលផលិតដោយផលិករជាតិយើង ពិសេសការកើនឡើង នៃរោងភាពយន្ដទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដែលនេះសបញ្ជាក់ឲ្យឃើញពីកើនឡើងចំណែកទីផ្សារដ៏សំខាន់ ក្នុងដោះដូរផលិតផលភាពយន្ដ និងជាគ្រឹះដ៏រឹងមាំក្នុងការទ្រទ្រង់ឧស្សាហកម្មភាពយន្ដជាតិ។
លោកបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពឆ្នាំនេះ ជាព្រឹត្តិការប្រចាំឆ្នាំដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកលើកស្ទួយ ឧស្សាហកម្មភាពយន្ដនៅកម្ពុជា៕