(សៀមរាប)៖ រយៈពេល២៧ថ្ងៃ ក្នុងចម្ងាយផ្លូវជិត៦ពាន់គីឡូម៉ែត្រ នៃដំណើរផ្លាស់ប្តូរទេសចរណ៍-វប្បធម៌ ទន្លេឡានឆាង-មេគង្គ ដោយយានយន្តផ្ទាល់ខ្លួន (Caravan Tours) ទៅកាន់រមណីយដ្ឋានបុរាណចិន ឡាវ និងកម្ពុជា គេជឿជាក់ថា ភ្នំ និងទឹក មិនអាចកាត់ផ្តាច់ពីគ្នាបាន ជោគវាសនាត្រូវតែតភ្ជាប់។
ដំណើរទេសចរណ៍តាមក្បួន Caravan Tours នេះត្រូវបានប្រារព្ធពិធីបិទបញ្ចប់ដំណើរទេសចរណ៍ ដ៏មានសារសំខាន់នេះ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមអ្នកទេសចរចិន (Caravan Tours) បានធ្វើដំណើរទស្សនាកម្សាន្ត ចុងក្រោយរយៈពេល២ថ្ងៃនៅខេត្តសៀមរាប តំបន់វប្បធម៌ប្រវត្តិសាស្រ្ត-អង្គរបេតិកភណ្ឌនៃមនុស្សជាតិ។
លោក Liu Zhi Jie អគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប មានវត្តមាននៅក្នុងពិធីបិទបញ្ចប់ដំណើរទស្សនកិច្ចនេះ ដែលមានឈ្មោះថា ដំណើរទេសចរដោយយានយន្តផ្ទាល់ខ្លួននៅរមណីយដ្ឋានបូរាណចិន ឡាវ និងកម្ពុជា។
លោកស្រី Shi Ling អគ្គនាយករងប្រចាំមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន បានបង្ហាញនូវក្តីសោមនស្សរីករាយកក់ក្តៅ ដែលបានជួបជុំគ្នានៅលើដែនដីនៃបេតិកភ័ណ្ឌពិភពលោក (ប្រាសាទអង្គរវត្ត) ដ៏ល្បីល្បាញនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។
ដំណើរទស្សនាចរនេះ គឺជាការបង្ហាញអំពីទំនាក់ទំនងវិស័យទេសចរណ៍-វប្បធម៌ ទន្លេឡានឆាង ជាមួយទន្លេមេគង្គដូចអ្វីដែលត្រូវបានជ្រើសរើសយកមកធ្វើជាប្រធានបទ (ភ្នំនិងទឹក មិនអាចកាត់ផ្តាច់ពីគ្នាបាន ជោគវាសនាត្រូវតែតភ្ជាប់) ហើយព្រឹត្តិការណ៍នេះ បានបង្ហាញថា ចិន ឡាវ កម្ពុជា មានបំណងរួមគ្នាក្នុងចំណុចចាប់ផ្តើមថ្មីមួយ ដើម្បីអនាគតទទួលបានកំណើនភ្ញៀវទេសចរពិភពលោកដ៏ច្រើនមកកាន់ទីនេះ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ក៏បានវាយតម្លៃដែរថា ការធ្វើដំណើររបស់ក្បួនរថយន្តទេសចរណ៍នេះ គឺជាឱកាសមាសមួយ សម្រាប់ការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ ជាមួយនិងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៅលើទឹកដីដ៏ស្រស់ត្រកាលតាមដងទន្លេមេគង្គនិងឡានឆាង ដែលជាតំបន់ប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត។
លោកបានថា ជាង៦០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកចំណងមិត្តភាឥតឈប់ឈរ ពិសេសរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ចំណងមិត្តភាពនៃប្រទេសទាំង២ មានការរីកចំរើនគួរកត់សំគាល់ គឺដូចពាក្យមួយឃ្លា ដែលថាមិត្តភាពបង្កើតអនាគតរួមគ្នា។
ប្រទេសទាំងពីរ (កម្ពុជា-ចិន) បានកំណត់យកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន ដែលផ្តល់សារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឲ្យបានកាន់តែស៊ីជម្រៅស្របតាមយុទ្ធសាស្រ្ត ខ្សែក្រវាត់និងផ្លូវ ដើម្បីជំរុញបន្ថែមទៀត ដល់ទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌ នាំលំហូរភ្ញៀវទេសចរទៅវិញទៅមក៕