(ភ្នំពេញ)៖ នៅយប់មិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ដោយបុរសម្នាក់បើករថយន្តចុះពីស្ពានអាកាសស្ទឹងមានជ័យ លឿនបួងចង្កូតមិនទាន់ទៅបុកបង្គោលភ្លើង។
បុរសម្នាក់បើករថយន្តស៊េរីទំនើប ចុះពីស្ពានអាកាសស្ទឹងមានជ័យលឿនបួងចង្កូតមិនទាន់ ទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្តដាច់កង់ម្ខាង ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៖១០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ CLA45 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-0008 បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរតាមពីផ្លូវ២៧១ ចុះពីស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដោយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមចំពេញមួយទំហឹង បណ្ដាលឲ្យបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមករួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕