(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលនៃការចុះសិក្សាស្វែងយល់របស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីជំនាញ ផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅក្រុមហ៊ុន Vertiv (Singapore) Pte.Ltd និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (Starhub) នៃប្រទេសសឹង្ហបុរី ក្នុងគោលដៅដកស្រង់បទពិសោធន៍បន្ថែមលើការអភិវឌ្ឍ គ្រប់គ្រង និងថែទាំមជ្ឈមណ្ឌលទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។

ការចុះសិក្សាស្វែងយល់នៅក្រុមហ៊ុន Vertiv (Singapore) Pte.Ltd និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (Starhub) នៃប្រទេសសឹង្ហបុរី មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ការចុះសិក្សាស្វែងយល់នៅក្រុមហ៊ុន Vertiv (Singapore) Pte.Ltd ដោយផ្តោតជាសំខាន់លើចំណុចសំខាន់ៗ រួមមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន មានជាអាទិ៍ប្រព័ន្ធសុវត្ថិភាពថាមពល (UPS), ប្រព័ន្ធគ្រប់គ្រងកំដៅសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ, ទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាឆ្លាតវៃផ្សេងៗទៀតដែលត្រូវបានប្រើប្រាស់សម្រាប់ជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទំនើបនានានៅលើសាកលលោក។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Vertiv (Singapore) Pte.Ltd ដែលមានទីតាំងក្នុងប្រទេសសឹង្ហបុរី គឺជាផ្នែកមួយដ៏ធំសម្រាប់គ្រប់គ្រងការផ្គត់ផ្គង់ប្រចាំតំបន់អាស៊ីបាស៊ីហ្វិក របស់ក្រុមហ៊ុន Vertiv Co ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក និងមានជំនាញឯកទេស ព្រមទាំងបទពិសោធន៍ជាង ៥០ ឆ្នាំ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា (Critical Digital Infrastructure) និងការគ្រប់គ្រងសុវត្ថិភាពថាមពលនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ។

យោងតាមរបាយការណ៍ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណូលសរុបប្រមាណ ៤.៣ ប៊ីលានដុល្លារអាមេរិក ដោយក្នុងនោះមានបុគ្គលិកសរុបប្រមាណ ១៩ ៧០០ នាក់ និងបានផ្គត់ផ្គង់និងផ្តល់សេវារបស់ខ្លួននៅទូទាំងសាកលលោក ជាពិសេសជូនដល់រដ្ឋាភិបាល និងក្រុមហ៊ុនធំៗល្បីៗជាច្រើន ជាអាទិ៍ ក្រុមហ៊ុន Alibaba, Alstom, AT&T, China Mobile, Verizon, Vodafone។

បន្ថែមពីការចុះសិក្សាស្វែងយល់នៅក្រុមហ៊ុន Vertiv (Singapore) Pte.Ltd លោក គង់ វិបុល និងមន្ត្រីជំនាញអមដំណើរក៏បានចុះពិនិត្យនិងស្វែងយល់បន្ថែមនៅមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ Starhub នៃប្រទេសសឹង្ហបុរី ក្នុងគោលបំណងពិនិត្យ និងដកស្រង់បទពិសោធន៍លើការរៀបចំមជ្ឈមណ្ឌលទិន្នន័យខ្នាតធំ មានល្បឿនលឿន និងសុវត្ថិភាពខ្ពស់ ព្រមទាំងអាចមានលទ្ធភាពប្រើប្រាស់សម្រាប់បច្ចេកវិទ្យាឆ្លាតវៃ ការវិភាគទិន្នន័យដែលមានលក្ខណៈស្មុគស្មាញស៊ីជម្រៅ ការប្រើប្រាស់គ្រឿនយន្តស្វ័យប្រវត្តិ និងមានលក្ខណៈសន្សំសំចៃខ្ពស់លើទីតាំងនិងថវិកា។

តាមរយៈដំណើរចុះសិក្សាស្វែងយល់នេះ អគ្គនាយកដ្ឋានពន្ធដារមានចក្ខុវិស័យវែងឆ្ងាយ និងល្អិតល្អន់គ្រប់ជ្រុងជ្រោយធ្វើយ៉ាងណាពង្រឹង និងធានាឱ្យបាននូវការប្រមូលផ្តុំប្រើប្រាស់ គ្រប់គ្រង និងថែរក្សាទិន្នន័យកាន់តែប្រសើរទ្បើង ដើម្បីរក្សាស្ថេរភាពនិងសមត្ថភាពក្នុងការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធឱ្យបានកាន់តែរលូននិងឆាប់រហ័ស ជាពិសេសក្នុងន័យត្រៀមលក្ខណៈនិងគិតគូរជាមុនសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ (Artificial Intelligent) និងបច្ចេកវិទ្យាទំនើបៗដទៃទៀត សម្រាប់គាំទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធជូនដល់រាជរដ្ឋាភិបាលឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាព។

ការចុះធ្វើការសិក្សាស្វែងយល់នេះ បានបញ្ចប់ប្រកបដោយភាពជោគជ័យ និងលទ្ធផលយ៉ាងល្អប្រសើរ ក្រោមស្មារតីនៃកិច្ចសហការខ្ពស់ និងទទួលបានកិច្ចបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ក្រុមហ៊ុន Vertiv (Singapore) Pte.Ltd ដែលលទ្ធផលនេះនឹងក្លាយជាបច្ច័យដើម្បីអគ្គនាយកដ្ឋានពន្ធដារ បន្តពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង អភិវឌ្ឍ និងបង្កើនសមត្ថភាពនៃមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដើម្បីធានាការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធកម្រិតខ្ពស់ និងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព៕