(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃការចូលរួមសន្និសីទពិនិត្យឡើងវិញ លើកទី៤ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដែលបានធ្វើឡើងនៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានចាត់ឲ្យលោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចូលរួមក្នុងសន្និសីទពិនិត្យឡើងវិញ លើកទី៤ នៃរដ្ឋភាគីអនុញ្ញា ស្ដីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុញ្ញាអូតាវ៉ា)។
សូមជម្រាបថា សន្និសីទពិនិត្យឡើងវិញ គឺជាកិច្ចប្រជុំផ្លូវការនៃរដ្ឋភាគីអនុញ្ញាអូតាវ៉ាទាំង១៦៤ប្រទេស ដែលប្រព្រឹត្តធ្វើឡើង៥ឆ្នាំម្ដង។ អនុសញ្ញានេះ ត្រូវបានអនុម័តនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ និងបានចូលជាធរមាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩៩។
សន្និសីទត្រួតពិនិត្យឡើងវិញ គឺជាឱកាសសម្រាប់សហគមន៍អន្ដរជាតិ ពិនិត្យមើលនូវវឌ្ឍនភាព នៃការអនុវត្តសន្ធិសញ្ញា ចាប់ពីសន្និសីទពិនិត្យឡើងវិញ លើកទី៣ ឆ្នាំ២០១៤ ដោយប្រមូលផ្ដុំនូវរបាយការណ៍ជាក់ស្ដែង ឈានទៅបំពេញបាននូវគោលដំណងរបស់សន្ធិសញ្ញា និងជំរុញឲ្យរដ្ឋភាគីទាំងអស់សម្រេចបាននូវមហិច្ឆតា អស់ការគំរាមដោយសារមីន ត្រឹមឆ្នាំ២០២៥៕