(ភ្នំពេញ)៖ ទីបំផុតក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ AFC U-19 Championship 2020) ជាផ្លូវការហើយ បន្ទាប់ពីក្រុម U19 គូវែត បានប្រកួតស្មើក្រុម U19 ប៉ាឡេស្ទីន ដោយលទ្ធផល ៣-៣ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅប្រទេសអូម៉ង់ ។
សម្រាប់ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបបញ្ចប់ពូល A របស់ក្រុមទាំងពីរខាងលើ បានក្លាយជាកាដូយ៉ាងពិសេសសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា បង្កើតប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងនាមក្រុមលេខ២ ល្អជាងគេទាំង ៥ក្រុម ព្រោះក្រុម U19 គូវែត ដែលកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបានត្រឹម ៨ពិន្ទុក្នុងពូល ហើយដកពិន្ទុប្រកួតជាមួយក្រុមបាត់តារាង គឺក្រុមប៉ាគីស្ថាន ពួកគេនៅសល់ត្រឹម ៥ពិន្ទុប៉ុណ្ណោះ ផ្ទុយពីក្រុម U19 កម្ពុជា ដែលកាត់កងការប្រកួតជាមួយក្រុមបាត់តារាង(ម៉ារីអាណាខាងជើង) កម្ពុជានៅសល់ ៦ពិន្ទុ ។
ដូច្នេះក្រោមការដឹកនាំរបស់លោក Gyotoku Koji ពេលនេះក្រុមជម្រើសជាតិ U19 កម្ពុជា គឺបានទទួលកៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ ជាផ្លូវការហើយ ទោះបីពូល A នៅសល់ ១ប្រកួតទៀត រវាងក្រុម U19 អ៊ីរ៉ាក់ ប៉ះក្រុម U19 អូម៉ង់ នាយប់នេះក៏ដោយ ។ ការប្រកួតបញ្ចប់ពូល A នេះ បើសិនអ៊ីរ៉ាក់ ឈ្នះពួកគេក៏នឹងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនាមក្រុមកំពូលតារាង តែបើស្មើ គេនឹងគិតទៅលើផលសងគ្រាប់បាល់ជាមួយគូវែត ព្រោះបច្ចុប្បន្នអ៊ីរ៉ាក់ កំពុងមាន ៧ពិន្ទុក្នុងដៃ ។ ប៉ុន្ដែករណីអ៊ីរ៉ាក់ចាញ់វិញ ក្រុមត្រូវឡើងវគ្គបន្ដ គឺគូវែត៕