(ភ្នំពេញ)៖ លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា កត្តាសន្ដិភាព បូករួមជាមួយកត្តាអំណោយផលរបស់កម្ពុជា បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលមានការចាប់អារម្មណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកបណ្ដាក់ទុន។
ការលើកឡើងបែបនេះ របស់លោក ហេង សុគង់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី បើកពិព័រណ៍ផលិតផលខ្មែរ-ជប៉ុន (Japan Festival Cambodia 2019) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ហេង សុគង់ ឲ្យដឹងថា ប្រទេសកម្ពុជាហាក់បីដូចជាកូនក្រមុំ ដ៏ស្រស់ស្អាតមួយដែលគ្រប់គ្នាប្រាថ្នាចង់បាន ហើយកម្ពុជាជាប្រទេសមួយ ដែលស្ថិតចំកណ្ដាលនៃ អាស៊ានទាំង១០ នេះជាចំណុចសំខាន់សម្រាប់កម្ពុជា។ មួយវិញទៀតកម្ពុជាជាប្រទេស ដែលមានអំណោយផលល្អ ក្នុងការវិនិយោគ ព្រោះកម្ពុជាមិនមានហានីភ័យ នៃគ្រោះធម្មជាតិដូចជា៖ គ្រោះរញ្ជួយដី ឬខ្យល់ព្យុះធំៗនោះឡើយ ទាំងនេះជាកត្តាដែលទាក់ទាញវិនិយោគ មកបណ្ដាក់ទុននៅកម្ពុជា។
លោកបានបន្ដថា «មួយវិញទៀតកត្តាសន្ដិភាពជាកត្តាសំខាន់ ក្នុងការទាក់ទាញវិនិយោគិនបរទេស បើកម្ពុជាមិនមានសុខសន្ដិភាពទេ ក៏គ្មានវិនិយោគិនណាមកបណ្ដាក់ទុន រាប់រយលានដុល្លារនោះឡើយ នេះជាកត្តាដ៏សំខាន់។ លើសពីនេះក៏បូករួម ជាមួយច្បាប់វិនិយោគដ៏ល្អរបស់កម្ពុជា បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានការចាប់អារម្មណ៍វិនិយោគ ពីបណ្ដាលប្រទេសជាច្រើនផងដែរ»។
លោកបញ្ជាក់ទៀតថា ជាក់ស្ដែងសម្រាប់ពិព័រណ៍ផលិតផលជប៉ុន និងកម្ពុជាពេលនេះ ជាការសបញ្ជាក់ពីការរឹតចំណងមិត្តភាព ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោក ឈួន រ៉េនឌី នាយកប្រតិបត្តិក្រុមហ៊ុន Entrepreneurs KH ឲ្យដឹងថា ការតាំងពិព័រណ៌ខ្មែរ-ជប៉ុននេះមានរយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដោយមាន១៤ក្រុមហ៊ុនចូលរួម។
លោកបានឲ្យដឹងទៀតថា ពិព័រណ៍នេះគឺផ្ដោតសំខាន់លើការផ្លាស់ប្ដូរ វប្បធម៌រវាងកម្ពុជា-ជប៉ុន ពិសេសការបើកភ្លើងខៀវ និងទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា។
លោក Daiki Homa នាយកប្រតិបត្តិក្រុមហ៊ុន Trust & True Global Link បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះភាពរីកចម្រើន របស់ប្រទេសកម្ពុជា ក៏ដូចជាឱកាសវិនិយោគលើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យជាដើម។
លោកបានបន្ថែមថា តាមរយៈការរៀបចំពិព័រណ៌នេះ មិនត្រឹមតែបង្ហាញពីការរឹតចំណងមិត្តភាព ដ៏ជិតស្និតរវាងកម្ពុជា-ជប៉ុននោះទេ ថែមទាំងផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា សម្រាប់វិនិយោគិនបរទេសទៀតផង ពិសេសវិនិយោគិនជប៉ុនតែម្ដង៕