(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព បិទបញ្ចប់ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ ជាមួយនឹងការប្រគល់ពានរង្វាន់ដល់ក្រុមឆ្នើម ដែលទទួលបានជ័យជំនះផងដែរ។
ពិធីក៏មានការចូលរួមពីលោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានអនុប្រធាន សាខាពន្ធដារខេត្ត-ខណ្ឌ មន្ត្រីរាជការពន្ធដារ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្លែងក្នុងឱកាសនោះលោក គង់ វិបុល បានឱ្យដឹងថា គំនិតផ្តួតផ្តើមនៃការរៀបចំកម្មវិធីការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ នេះគឺដើម្បីចូលរួមចំណែកមួយ របស់អគ្គនាយកដ្ឋានពន្ធដារ ស្របទៅនឹងប្រធានបទនៃកីឡាថ្នាក់ជាតិ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍» ព្រមទាំងស្របទៅនឹងអនុសាសន៍ និងទស្សនៈវិស្ស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
លោក គង់ វិបុល បានបញ្ជាក់ទៀតថា តាមរយៈកម្មវិធីប្រកួតនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចសម្រាំងជ្រើសរើសកីឡាករល្អ ឈុតធំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចូលរួមក្នុងក្រុមកីឡាបាល់ទាត់ពានរង្វាន់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាចដណ្តើមយកចំណាត់កាន់តែប្រសើរជាងពេលកន្លងទៅ គឺចំណាត់ថ្នាក់លេខ១ សម្រាប់ឆ្នាំក្រោយ ដែលកាលពីការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណាត់ថ្នាក់លេខ២ ដែលជាលទ្ធផលល្អប្រសើរ។
ឆ្លៀតឱកាសនោះ លោក គង់ វិបុល ក៏បានកោតសរសើរដល់កីឡាករទាំងអស់ ដែលមានស្មារតីកីឡា ការរឹតចំណងមិត្តភាព សាមគ្គីភាព ដែលបានគោរពបាននូវបទបញ្ជា បច្ចេកទេស ក្រមសីលធម៌ល្អក្នុងការប្រកួត បញ្ចេញសមត្ថភាពដើម្បីដណ្តើមយកជ័យជំនះ ហើយបើទោះជាចាញ់ក៏ទទួលបានមកវិញនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ជាពិសេសរួមចំណែកកាត់បន្ថយភាពអសកម្មផ្សេងៗ នៅក្នុងសង្គមទៀតផង។
លោក គង់ វិបុល បានបន្ថែមថា យើងត្រូវធ្វើខ្លួនឱ្យល្អកុំនាំបញ្ហា ត្រូវស្រលាញ់កីឡា ព្រោះកីឡានាំមកនូវសុខភាព បង្កើនឱ្យមានសាមគ្គីភាពការប្រាស្រ័យល្អ ជៀសវាងការបង្កើនឱ្យមានជម្លោះ បណ្តាលឱ្យមានរបូសស្នាម ប៉ះពាល់ដល់ការងារស្នូល ក្នុងការប្រមូលចំណូលពន្ធ។ នៅចុងបញ្ជប់លោកក៏បានផ្តល់ពានរង្វាន់ និងបំពាក់មេដាយដល់ក្រុមកីឡាករជ័យលាភីផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ (GDT CUP) លើកទី១ ឆ្នាំ២០១៩នេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សរុបមាន១៦ក្រុមពីនាយកដ្ឋានថ្នាក់កណ្តាល, ទីចាត់ការពន្ធដាររាជធានីភ្នំពេញ, សាលាជាតិពន្ធដារ និងសាខាពន្ធដារខេត្ត/ខណ្ឌ ចំណុះអគ្គនាយកដ្ឋានពន្ធដារ ដែលសរុបមានកីឡាករប្រមាណ៤០០នាក់ និងគណៈកម្មការរៀបចំការប្រកួតចំនួន៤៩នាក់ ដែលក្រោយពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញលទ្ធផលទទួលបានដូចជា ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន, ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម, ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមសាខាពន្ធដារខណ្ឌចំការមន ទួលគោក និងមានជ័យ និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក និងសាលាជាតិពន្ធដារ៕