(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹក និងណែនាំដល់អតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ។
ការក្រើនរំលឹកបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីត និស្សិតនាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ ចាប់ពីជំនាន់ទី ១ រហូតដល់ជំនាន់ទី ១៩ ចំនួន ១៥១៩នាក់ នៅឯសាលានាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ របស់ខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ច្បាស់ទៅកាន់ គណៈគ្រប់គ្រងសាលា យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញកម្មសិក្សា ហ្នឹងកំពុងបំពេញការងារ នៅតាមបណ្ដាអង្គភាព ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ថា ទណ្ឌិត សម រង្ស៉ី កំពុងតែមានគំនិតប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថមើលងាយ អង្គព្រះមហាក្សត្រ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានប្រាប់កងកម្លាំងប្រដាប់អាវុធ ពិសេសអតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ទាំងអស់ ដែលបានចេញបម្រើការងារតាមបណ្ដាអង្គភាពរបស់កង យោធពលខេមរភូមិន្ទ និងនិស្សិតដែលកំពុងបំពេញកម្មសិក្សា ហ្វឹកហ្វឺននូវក្បួនច្បាប់យោធា នៅក្នុងសាលានាយទាហានសកម្ម ត្រូវត្រៀមជានិច្ច ក្នុងការអនុវត្តច្បាប់ ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ និងការប្រមាថមាក់ងាយដល់អង្គព្រះមហាក្សត្រ។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធទាំងមូល ពិសេសអតីតនិស្សិតនាយទាហានសកម្ម គ្រប់ជំនាន់ ដែលបានចេញទៅបំពេញការងារនៅតាម បណ្ដាអង្គភាព តាមបន្ទាត់ព្រំដែន ក៏ដូចជាតាមអង្គភាព នៅផ្ទៃក្នុងប្រទេស រួមទាំងទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។ ដូច្នេះត្រូវតែអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៉ី បើសិនហ៊ានឈានជើងចូលទឹកដីកម្ពុជា ក្នុងរូបភាពណាមួយនោះ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំដែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ រួមជាមួយយោធាចារ្យ និងគណៈគ្រប់គ្រងសាលា ដែលបានផ្ដួចផ្ដើមនៅការជួបជុំអតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ ចាប់ពីជំនាន់ទី ១ រហូតដល់ជំនាន់ទី ១៩ ដែលបានចេញទៅបម្រើការងារតាមកងឯកភាព របស់កងយោធពលខេមរភូមិន្ទ និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញកម្មសិក្សា នៅក្នុងសាលាចាប់ពីជំនាន់ទី២០ ដល់ជំនាន់ទី២៣ ដើម្បីបានជួបជុំគ្នា រំលឹកនៅអនុស្សាវរីយ៍ និងបានផ្លាស់ប្ដូរ នូវបទពិសោធន៍នានា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកឱ្យអតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ទាំងអស់ ដែលបានចេញទៅបំពេញការងារ តាមបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តបង្កើនស្នាដៃល្អៗថ្មីៗ ថែមទៀត ពិសេសត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការកសាងកងយោធពលខេមរភូមិន្ទមួយ ដែលប្រកបដោយសមត្ថភាព គុណភាព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សម្រាប់ប្រទេសកម្ពុជា ពិសេសត្រូវគោរព និងអនុវត្តឱ្យបានដាច់ខាត ក្រឹត្យច្បាប់ វិន័យ របស់កងយោធពលខេមរភូមិន្ទ ក្រឹត្យច្បាប់របស់រដ្ឋ ការពារដាច់ខាតច្បាប់រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនត្រូវជឿលើឧបាយកលឃោសនាបោកប្រាស់ណាមួយ ពីសំណាក់ជនក្បត់ជាតិ ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្តរាយនៃភ្លើងសង្គ្រាមសារជាថ្មីម្ដងទៀត៕