(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ដរបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងផ្សព្វផ្សាយផែនការណែនាំស្តីពី ការចាត់តាំងខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជយ័ជំនះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២០) ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោក មាស សុភា បានថ្លែងថា ចំណុចលេចធ្លោក្នុងខែកន្លងមក សម្រាប់ខេត្តព្រះវិហារ គឺការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្ត មានភាពល្អប្រសើរ ពិធីបុណ្យឯករាជ្យជាតិពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីហូបអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ប្រព្រឹត្តិទៅប្រកបដោយភាពអធិកអធមសប្បាយរីករាយ។
ជាមួយគ្នានេះដែរ លោក មាស សុភា ក៏បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមជាមួយមូលដ្ឋាន ដែលបានចុះជួបជាមួយប្រជាពលរដ្ឋ តាមរយៈវេទិការសាធារណៈនានាទទួលយកនឹងដោះបញ្ហាប្រឈមជូនពួកគាត់ បានទាន់ពេលវេលា ជាពិសេសការបម្រើសេវាសាធារណៈត្រូវបានលើកកម្ពស់។
លោក មាស សុភា ក៏បានថ្លែងជំរុញឲ្យមន្ត្រីគណបក្សប្រជាជនកម្ពជាខេត្តព្រះវិហារ គ្រប់ថ្នាក់ រួមជាមួយក្រុមការងារ ត្រូវខិតខំអនុវត្តការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
*ទី១ ៖ ខិតខំអប់រំផ្សព្វផ្សាយពីសភាពការណ៍ រីកចម្រើនរបស់ប្រទេសជាតិ ជូនដល់សមាជិកបក្ស និងមហាជនឲ្យយល់បានច្បាស់ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
*ទី២ ៖ មន្ត្រីគ្រប់ថ្នាក់ត្រូវលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួន ក្នុងការដោះស្រាយការងារឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
*ទី៣ ៖ ត្រូវរួមគ្នាបន្តចុះជួបប្រជាពលរដ្ឋ តាមរយៈវេទិកាសាធាណៈដោយយកចិត្តទុកដាក់ ចំពោះមូលដ្ឋានដែលកំពុងជួបបញ្ហាប្រឈម
*ទី៤ ៖ រាល់បញ្ហាប្រឈម និងសំណូមពរនានាដែលនៅសេសសល់ ត្រូវរួមគ្នាដោះស្រាយបញ្ចប់បញ្ហា មិនត្រូវអូសបន្លាយពេលវេលាទៀតទេ
*ទី៥ ៖ ត្រូវណែនាំឲ្យគ្រប់មូលដ្ឋានត្រូវធ្វើការគ្រប់គ្រងប្រភពទឹក និងមានផែនការប្រើប្រាស់ទឹកឲ្យសមស្រប និងត្រៀមផ្គត់ផ្គង់ទឹកជូនដល់មូលដ្ឋាន ដែលខ្វះទឹកប្រើនាពេលខាងមុខ៕