(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។ នេះបើយោងតាមព្រះរាជក្រឹត្យរបសព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
សូមបញ្ជាក់ថា ក្នុងមួយជន្មាយុរបស់មហាឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មហាឧបាសិកាបានបូជានូវកម្លាំងកាយពល និងបញ្ញាញាណ ក្នុងការចិញ្ចឹមបីបាច់បុត្រធិតារបស់មហាឧបាសិកា ចាប់តាំងពីប្រសូត្រពីផ្ទៃរហូតធំដឹងក្តី មាន កេរ្តិ៍ឈ្មោះបោះសម្លេងក្នុងសង្គម និងក្លាយជាគ្រួសារដែលប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់ និងជាគ្រួសារមួយដែលតែងតែមានព្រហ្មវិហាធម៌សណ្តោសប្រោះប្រណី ដល់មនុស្សផងទាំងពួង តាមរយះការវិកាយ និងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាន និងកសាងនូវសមិទ្ធផលសង្គមជាច្រើន រាប់មិនអស់ ចាប់តាំងពីទីក្រុងរហូតដល់ទីជនបទឆ្ងាយដាច់ស្រយាល ដោយមិនប្រកាន់នូវវណ្ណះ ពណ៌សប្បុរ និងនិន្នាការអ្វីទាំងអស់។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងកូនចៅ ចៅទួតទាំងអស់របស់មហាឧបាសិកា ប៊ុន ស៊ាងលី បានមូលមតិគ្នាជាឯកច្ឆ័ន្ទនិមន្ត សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈចំនួន៧អង្គ សូត្រមន្តបុណ្យចម្រើនព្រះជន្មាយុ និងសង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់ ៩៥ឈានចូល ៩៦ឆ្នាំ៕
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងក្រោមនេះ៖