(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះអ្នកជំងឺម្នាក់ ដែលបានសុំសម្តេចឲ្យជួយថវិកាសម្រាប់ការព្យាបាលជំងឺ របស់ខ្លួនតាមរយៈ Facebook។
កាលពីព្រឹកមិញ នៅក្នុង Facebook របស់សម្តេចមានប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់ថវិកាជួយព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត។ ពេលនោះសម្តេចតេជោ ក៏បានឆ្លើយតបថា ចាំឲ្យខាងមន្ទីរពេទ្យកាល់ម៉ែតទាក់ទង ដើម្បីយកមកព្យាបាល ដោយគ្មានការចំណាយនោះឡើយ។
នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនជនជាតិរួមជាតិ និងមិត្តបរទេសចូលរួមបរិច្ចាគដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។
អ្នកជំងឺដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់ថវិកាសម្រាប់ការព្យាបាលនោះ គឺជាពលរដ្ឋខ្មែរឥស្លាមរស់នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកជំងឺមានឈ្មោះ ឡៃ ម៉ាន អាយុ៥៣ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ាត់ តេះ អាយុ៥៧ឆ្នាំ និងមានកូនចំនួន ៨នាក់ (ប្រុសម្នាក់ និងស្រី៧នាក់)។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាម Facebook នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិ ក៏ដូចជាមិត្តបរទេសដែលចង់រួមបរិច្ចាគ ដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែតសុំទាក់ទងចូលតាមរយៈលោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែតទូរស័ព្ទលេខ 012 877 877។ គ្រប់ការចូលរួមរបស់ សប្បុរសជននឹងមាន ប័ណ្ណថ្លែងអំណរគុណដែលចុះហត្ថលេខាដោយខ្ញុំជានាយករដ្ឋមន្ត្រីផ្ទាល់»។
កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាជាង ៦៤លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជននានា ដើម្បីសាងសងអគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានានៅមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ បានបញ្ជាក់ថា បូកសរុបទាំងកញ្ចប់ថវិការដ្ឋ ៣០លានដុល្លារផង ថវិកាសម្រាប់សាងសង់អគារ បំពាក់ឧបករណ៍ និងគ្រឿងបរិក្ខានានាមានជាង៩៤លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកា ដើម្បីសង្រ្គោះជិវិតមនុស្ស។ សម្តេចតេជោ សង្ឃឹមថា នឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក សម្រាប់សាងសង់អគារព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតដែលកំពុងដំណើរការសាងសង់។ អគារព្យាបាលជំងឺនេះ មានកម្ពស់ ១២ជាន់ ដែលបច្ចុប្បន្នមន្ទីរសាងសង់ បានប្រមាណ ១៧ភាគរយរួចហើយ។ អគារមន្ទីរពេទ្យនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣៩លាន៧សែនដុល្លារអាមេរិក។
ក្រៅពីបញ្ចេញថវិកាជាតិ ៣០លានដុល្លារសាងសង់អគារហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវបន្ថែមដល់សប្បុរសជនចូលរួមបរិច្ចាគថវិកា សម្រាប់បំពាក់សម្ភារបរិក្ខារ ឧបករណ៍ផ្សេងៗនៅក្នុងអាគារថ្មី និងអគារចាស់ផងដែរ។ គោលបំណងរបស់សម្តេចតេជោ គឺធ្វើឱ្យមន្ទីរពេទ្យនេះ ក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជា ដែលទំនើបសម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ៕