(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចម្រុះដែលជាមន្រ្តីក្រោមឱវាទ ដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុស ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើអនាម័យបរិស្ថាន ដើរប្រមូលសំរាម កាប់មែកឈើ ឈូសឆាយស្មៅ ដែលដុះនៅតាមមាត់ប្រឡាយទឹកស្អុយ នាប្រឡាយតាមបណ្ដោយផ្លូវលេខ១០៥ និងចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ឱ្យមានរបៀបរៀបរយល្អប្រសើរ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ លោក ធឹម សំអាន បានលើកឡើងដោយសង្កត់ធ្ងន់ថា ចំពោះការងារនេះដោយចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើអនាម័យបរិស្ថាន នៅតាមដងផ្លូវនេះ គឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងជាការលើកកម្ពស់នូវកិត្តិយស មុខមាត់ខណ្ឌបឹងកេងកង ទាំងមូលផងដែរ។ ដោយមិនត្រូវមើលរំលងឡើយហើយការងារនេះ មហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់ កំណាត់លេខ១០៥ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹង មកលើការងារនេះ ពេលពួកគាត់ធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវនេះ ដោយកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរ។

លោកថា ដូចនេះ ដើម្បីឱ្យមានអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍ឱ្យកាន់តែល្អប្រសើរ សូមបងប្អូនប្រជាជនទូទៅ ដែលធ្វើដំណើរ មកកាន់ទីក្រុងភ្នំពេញ ដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរ ឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជន និងរកទិញទំនិញ តាមទីផ្សារនោះហើយ ជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់ តាមមុខផ្ទះពួកគាត់នីមួយៗនោះ នៅតាមដងផ្លូវលេខ១០៥នេះ សូមចូលរួមអនុវត្តន៍ ឱ្យបានផុលផុសគ្រប់ៗ គ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកង ដើម្បីមុខមាត់កិត្តិយសខណ្ឌបឹងកេងកង ដែលជាខណ្ឌទើបបង្កើតថ្មី ដោយបំបែកចេញពីខណ្ឌចំការមន ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកង និងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃ ឱ្យដូចភ្លៀងរលឹមជាពិសេសនា ថ្ងៃចុងសប្ដាហ៍ដូចនៅថ្ងៃនេះជាដើម។

លោក ធឹម សំអាន បានលើកឡើងទៀតថា ចង់បានអនាម័យ និងបរិស្ថានល្អប្រសើរ នៅក្នុងមូលដ្ឋានភូមិ-សង្កាត់យើងនិមួយៗនោះ ហើយបងប្អូនមានសុខភាពល្អ និងទីក្រុងមានផាសុខភាព សោភណ្ឌភាពនោះ ដ៏រាបណាយើងគ្រប់ៗ គ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និង បងប្អូនប្រជាជនទូទៅរួមដៃគ្នា សហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើប នៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ខណ្ឌបឹងកេងកង បានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំពីសំណាក់លោក ធឹម សំអាន ជាអភិបាលខណ្ឌ ហើយការងារនេះ ទទួលបានជោគជ័យ ដោយមានការចូលរួមគាំទ្រពីមហាជនផងដែរ៕