(ភ្នំពេញ)៖ រូបសំណាកព្រះនាងគង្ហីង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំង និងស្ថាបនារួចរាល់ជាស្ថាពរ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើពិធីអភិសេកជាផ្លូវការហើយ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនទៀត។
រូបសំណាកនាងគង្ហីង ដែលពីមុននៅត្រង់រង្វង់មូលនាងគង្ហីង ហើយក្រោយមកដោយបញ្ហាចរាចរណ៍បានរំកិលទៅដាក់នៅក្បែររបងវត្តព្រះពុទ្ធមានបុណ្យ ហើយក្រោយមកទៀត អាជ្ញាធររាជធានីភ្នំពេញ ប្តូរមកទីតាំងថ្មីមួយទៀតនៅក្បែរគ្នានោះ មកដល់ពេលនេះ បានបញ្ចប់ជាស្ថាពរហើយ ដែលរូបសំណាកថ្មីនិងទីតាំងថ្មីនេះ បានលើកសោភណ្ឌភាពរូបសំណាក់នាងគង្ហីង ឲ្យខ្ពស់ជាងស្ពានអាកាសថ្មើជើងដែលនៅក្បែរគ្នានោះ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរចរណ៍ក៏ដូចជា ការកកស្ទះចរាចរណ៍, រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឲ្យមានការស្ថាបនា ស្ពានអាកាសថ្មើជើងនៅត្រង់ចំណុចរង្វង់មូលនាងគង្ហីង។ ប៉ុន្តែក្រោយពីការសាងសង់ស្ពានថ្មើរជើងនេះ បានធ្វើឲ្យរូបសំណាក់នាងគង្ហីងទាបជាងតួស្ពាន ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យមានការកែសម្រួលឡើងវិញ ទាំងពីកំពស់ និងទីតាំង សំដៅធ្វើយ៉ាងណា ទាំងរូបសំណាកនាងគង្ហីង និងស្ពានអាកាសថ្មើជើង ត្រូវតែលេចឡើងជាមួយនិងសោភណ្ឌភាពស្រស់ស្អាត និងការគិតពីបញ្ហាលំហូរចរាចរណ៍ផងដែរ កុំឲ្យមានការកកស្ទះ ព្រោះថា រង្វង់មូលនាងគង្ហីងនេះ ធ្លាប់ត្រូវបានកែសម្រូលចរាចរណ៍ជាច្រើនលើករួចមកហើយ។
លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា រូបសំណាកនាងគង្ហីង ដែលបានស្ថាបនាឡើងថ្មី និងបានធ្វើពិធីអភិសេកជាផ្លូវការ នារសៀលនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានលក្ខណៈធំជាងថ្មីជាងមុន ដោយមានកំពស់ ៧ម៉ែត្រ ៤៧ បាតក្រោម៦ម៉ែត្រ បាតក្រោមដល់រូបក្រពើកំពស់២ម៉ែត្រ៦១។
រូបសំណាកនាងគង្ហីង ត្រូវបានសាងសង់ឡើងពីថ្មភក់ នាំមកពីខេត្តព្រះវិហារ ដោយចាប់ផ្តើមសាងសង់ពីខែមេសាហើយបានបញ្ចប់នៅតែតុលា ឆ្នាំ២០១៩។
តាមប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង តែងតែប្រារព្វពិធីខាងលើនេះ ក្រោយពីបានសាងសង់សមិទ្ធិផលថ្មីណាមួយ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ចំរើនរុងរឿង ហើយសមិទ្ធិផលថ្មីមួយនេះ វាពិតជាបានរួមចំណែកលើកកំពស់ប្រពៃណី វប្បធម៏ជាតិ និងជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ៕