(កំពង់ស្ពឺ)៖ ម៉ាស៊ីនច្រូតអំពៅរបស់ក្រុមហ៊ុន ឈុន ទ្រី ស្ថិតនៅក្នុងស្រុកឱរ៉ាល់ បានបើកកិនបុរសម្នាក់ស្លាប់នៅក្នុងចំការអំពៅ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃម្សិលមិញ នៅចំណុចចំការអំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ កំពង់ស្ពឺ ភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ មានករណីឡានច្រូតអំពៅកិនមនុស្សស្លាប់មួយបានកើតឡើង បង្កឡើងដោយម៉ាស៊ីនច្រូតអំពៅរបស់ក្រុមហ៊ុន ឈុន ទ្រី។
អ្នកបើកបរដោយឈ្មោះ រាជ អាយុ២២ឆ្នាំ បានបើកបរកាត់អំពៅ ហើយកិនជនរងគ្រោះឈ្មោះ គង់ ផុន អាយុ៥០ឆ្នាំ មានទៅលំនៅភូមិរស្មី ឃុំរស្មីសាមគ្កី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈជនរងគ្រោះបានស្រវឹងស្រាចូលដេកក្នុងរងអំពៅ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ អ៊ីម វិន អាយុ៤៩ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ប្តីរបស់ខ្លួនបានទៅរកបាយហូបនៅផ្ទះក្នុងអការៈស្រវឹង ហើយខ្លួនបានស្តីបន្ទោសឲ្យប្តី រឿងផឹកស្រាស្រវឹងទាំងថ្ងៃមិនខំរកស៊ី ស្រាប់តែពេលនោះប្តីក៏ចេញពីផ្ទះមកបាត់ស្រាប់តែមកដលល់ម៉ោង ១៤ជាង មានគេមកប្រាប់ថា ប្តីរបស់គាត់ត្រូវបានឡានច្រូតអំពៅកិនស្លាប់។
ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕