(ភ្នំពេញ)៖ ទីតាំងលួចធ្វើស្លាកលេខក្លែងក្លាយ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនបានមនុស្ស ៦នាក់ និងដកហូតបានស្លាកលេខក្លែងក្លាយជាច្រើន ព្រមទាំងឧបករណ៍សម្រាប់ធ្វើស្លាកលេខមួយចំនួនទៀតផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបញ្ជាក់ថា ទីតាំងធ្វើស្លាកលេខក្លែងក្លាយនេះ បានបង្ក្រាបនៅកន្លែងផ្សេងគ្នាក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ក្រោយធ្វើការបង្ក្រាប កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩នាក់ និងស្លាកលេខក្លាយក្លែង មានទាំងស្លាកលេខធម្មតា, នគរបាល និងខេមរភូមិន្ទ ជាច្រើនសន្លឹក ព្រមទាំងកុំព្យូទ័រ ម៉ាស៉ីនសម្រាប់កាត់អក្សរផងដែរ។
លោកអធិការបានបន្ដទៀតថា បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ទីតាំងធ្វើស្លាកលេខក្លាយក្លែងនេះ ត្រូវបានធ្វើឡើងនៅ៧ទីតាំងផ្សេងគ្នា ដកហូតបានស្លាកលេខសរុប៧២សន្លឹក ដោយក្នុងនោះរួមមាន៖
*ប៉ុស្ដិ៍នគរបាលផ្សារថ្មីទី៣៖ បង្ក្រាបបាន៣ទីតាំង មនុស្សចំនួន២នាក់ ដកហូតស្លាកលេខចំនួនសរុប២២ស្លាកលេខ ក្នុងនោះ ស្លាកលេខម៉ូតូស៉ីវិល១០, ស្លាកនគរបាល ចំនួន៣, ស្លាកលេខខេមរភូមិន្ទ ចំនួន៥, ស្លាកលេខរថយន្ដ ចំនួន៣, ស្លាកលេខអ្នកកាសែត១, កុំព្យូទ័រ២គ្រឿង, ម៉ាស៉ីនកាត់ស្ទីកគ័រ ២គ្រឿង, ថ្នាំកំប៉ុង២៤កំប៉ុង, កន្ត្រៃកាត់ស័ង្កសី២ដើម, ដង្កាប់២ដើម និងកន្ត្រៃតូច២ដើម។
*ប៉ុស្ដិ៍នគរបាលបឹងរាំង៖ បង្ក្រាបបាន៣ទីតាំង មនុស្សចំនួន៣នាក់ ដកហូតបានស្លាកលេខសរុបចំនួន២០ស្លាកលេខ ក្នុងនោះមាន ស្លាករថយន្ដលេខស៉ីវិល ចំនួន៣, ស្លាកលេខរថយន្ដនគរបាល ចំនួន៤, ស្លាកលេខរថយន្ដខេមរភូមិន្ទ២, ស្លាកលេខម៉ូតូស៉ីវិលចំនួន៨, ស្លាកលេខម៉ូតូនគរបាលចំនួន១, ស្លាកលេខម៉ូតូខេមរភូមិន្ទ១, កន្ត្រៃកាត់ស័ង្កសី១, ដែកឆាបចំនួន១ និងថ្នាំពណ៌ចំនួន៦កំប៉ុង។
*ប៉ុស្ដិ៍នគរបាលចតុមុខ៖ បង្ក្រាបបាន១ទីតាំង មនុស្សចំនួនម្នាក់ ដកហូតបានស្លាកលេខសរុប៣៣ស្លាកលេខ ក្នុងនោះរួមមាន ស្លាកលេខរថយន្ដស៉ីវិល២១, ស្លាកលេខរថយន្ដរដ្ឋ២, ស្លាកលេខរថយន្ដចង្កូតស្ដាំ៣, ស្លាកលេខម៉ូតូខេមរភូមិន្ទ៦, ស្លាកលេខម៉ូតូស៉ីវិល១, កន្ត្រៃកាត់ស័ង្កសី១ដើម, ម៉ាស៉ីនកាត់ស្ទីកគ័រ១, កុំព្យូទ័រ១, ថ្នាំពណ៌១៥កំប៉ុង និងម៉ាស៉ីនដាប់ជ្រី១។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានឧបត្តម្ភប្រាក់ចំនួន ២លានរៀល ជាការលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចដែលបានចុះអនុវត្ត និងបង្ក្រាបបទល្មើសនេះ៕