(ពោធិ៍សាត់)៖ លោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ បានចារឯកភាពតាមសំណើរបស់អភិបាលខេត្តត្រាត ពាក់ព័ន្ធនឹងការស្ថាបនាតភ្ជាប់ច្រកព្រំដែន ក្នុងភូមិថាសេន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសទេសថៃ ទៅច្រកផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលគ្រោងនឹងប្រើប្រាស់ថវិកាជាតិថៃ ជាង៥០លានបាត។ នេះបើតាមលិខិតរបស់លោក ឆ័ត្រប្រឆៃ បានចារឯកភាព នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
លោកព្រឹន្ទបាលឯក សេង ពៅ សមាជិកក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំការនៅច្រកថ្មដា បានប្រាប់ភ្នាក់ងារ Fresh News នារសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យប្រតិភូខេត្តត្រាត ប្រទេសថៃ ដឹកនាំដោយលោក ភិឈាន លិមវ៉ាំងយូ អភិបាលថ្មីខេត្តត្រាត ចូលជួបពិភាក្សាការងារ ដើម្បីស្វែងរកបញ្ហាមួយចំនួន ទាក់ទងទៅនឹងការពន្លឿនបើកច្រកព្រំដែនកម្ពុជា-ថៃ រវាងខេត្តទាំង២។
ជាមួយនឹងកិច្ចប្រជុំពិភាក្សា លោកអភិបាលខេត្តត្រាតបានលើកឡើងថា «ពីមុនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ មានកម្រិតមធ្យម តែឥឡូវនេះបានវិលមកធ្វើការនៅប្រទេសកម្ពុជាវិញជាបណ្ដើរៗ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន យ៉ាងច្រើនពោរពាស»។
ខាងភាគីថៃ មានគម្រោងដាក់ថវិកាជាង ៥០លានបាត ក្នុងការកសាងផ្លូវគមនាគមន៍ តភ្ជាប់គ្នាពីច្រកថាសេន ខេត្តត្រាត ប្រទេសថៃ ទៅច្រក៥៥ (ច្រកថ្មដា) ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមសាងសង់ ក្នុងអំឡុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសភាថៃបានអនុម័ត ៣ខែបន្ទាប់។ ច្រកថ្មដា នឹងត្រូវតម្លើងជាច្រកតំបន់ មុននឹងឈានឆ្ពោះ ក្លាយជាច្រកអន្តរជាតិនាពេលឆាប់ៗខាងមុខ៕