(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីមីទ្ទីញមហាជនអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅក្នុងបរិវេណវត្តនគរបាជ័យក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។
ពិធីនេះមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក-លោកស្រី ដែលជាប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចំនួន ២,៥០០នាក់ ដែលអញ្ជើញមកពីឃុំទាំង១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពញាចក្រី ហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលតែងតែងគិតគូរពីសេចក្តីសុខទុក្ខ និងបញ្ហាជីវភាពររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។
លោក វេង សាខុន បានរំលឹកថា ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្ងៃ២ធ្នូនេះឡើង គឺក្នុងគោលបំណងរំលឹកឡើងវិញ ថ្ងៃចាប់បដិសន្ធិកម្លាំងស្នេហាជាតិ ដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញពីប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើការរំលឹងដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្មយ៉ាងធំធេង ដើម្បីស្ថិរភាពសង្គម និងការអភិវឌ្ឍន៍។
លោកបន្ដថា ដោយសារមានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូនេះហើយ ទើបមានជ័យជំនះ៧មករា ហើយក៏មានអ្វីៗគ្រប់បែបយ៉ាងនាបច្ចុប្បន្ននេះ។ ៤១ឆ្នាំកន្លងផុតទៅ យើងមិនអាចបំភ្លេចបាននូវអតីតកាលដ៏ខ្មៅងងឹត ពោរពេញដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ អសន្តិសុខសង្គម អសន្តិសុខស្បៀង សម្លាប់រង្គាល អត់អាហារ ធ្វើការហួសកម្លាំងក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកបន្តថា ដោយឃើញច្បាស់ពីគ្រោះមហន្តរាយរបស់ប្រទេសជាតិ និងប្រជាជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឈរលើឆន្ទៈ មនៈសិការស្នេហាជាតិ បង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍មាតុភូមិដ៏ល្អផូរផង់នេះ បានខិតខំដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង និងស្របតាមដំណើរការវិវត្តន៍សេដ្ឋកិច្ច និងនយោបាលរបស់កម្ពុជា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្តូរឈ្មោះជារណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាពេលបច្ចុប្បន្ននេះ។
លោក វេង សាខុន បានគូសបញ្ជាក់ទៀតថា ៤១ឆ្នាំ ជាតិ និងប្រជាជនបានងើបដើរចេញទាំងទុក្ខវេទនា និងរបួសស្នាមលើគ្រប់វិស័យ ជាបន្តបន្ទាប់រដ្ឋាភិបាល បានដឹកនាំប្រទេសជាតិមកកាន់សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ហើយនេះគឺដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន។
លោកបន្ថែមថា ជាសក្ខីភាពថ្មីៗនេះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងពលរដ្ឋនៅទូទាំងប្រទេស បានប្រារព្ធទទួលទានអំបុកសាមគ្គីជាតិ «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ» នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានបង្ហាញនូវសាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសកម្មក្នុងការការពារជាតិ ថែរក្សាសុខសន្តិភាព ស្ថិរភាពជូនសង្គមជាតិ ជាពិសេសទប់ស្កាត់បាន យ៉ាងមានប្រសិទ្ធភាពចំពោះការព្យាយាមប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ពួកឧទាម។
លោកប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា រណសិរ្យ២ធ្នូ មិនគ្រាន់តែបានរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីរបស់ខ្មៅងងឹត ប៉ុល ពត ឲ្យរស់រានមានជីវិតឡើងវិញតែប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ/គណបក្សប្រជាជន និងរាជរដ្ឋាភិបាលបានស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ កែប្រែមុខ មាត់ថ្មីជាបន្តបន្ទាប់ ជាក់ស្តែងក្នុងឆ្នាំ១៩៩៣ ពលរដ្ឋមានចំណូលត្រឹមតែ ២៥៤ដុល្លារ/ម្នាក់ តែ២០១៩ ចំណូលនេះកើនដល់ ១៦៧៩ដុល្លារ/ម្នាក់។
ជាងនេះទៅទៀត រដ្ឋាភិបាលបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រមកត្រឹមក្រោម១០% នាឆ្នាំកន្លងទៅ បានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ ក្នុងការអនុវត្តន៍រាល់គោលនយោបាយ ធ្វើកំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដោយបន្តផ្តោតការ យកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។
លោក វេង សាខុន បានឲ្យដឹងថា សមិទ្ធផលទាំងអស់នេះ គឺរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយឈរលើគោលការណ៍បង្រួបបង្រួមជាតិ សាមគ្គីជាតិ រក្សាស្ថិរភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។
លោកថា សម្រាប់អនាគតរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួនបួនគឺ៖
ទី១៖ ធានាឲ្យមានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយចីរភាព តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ឲ្យមានភាពទូលំទូលាយ និងមានភាពប្រគួតប្រជែង។ ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផលិតផលសរុបនៅឆ្នាំ២០២០ មានការកើនឡើងដល់ ២៩,៣៦២លានដុល្លារ (ផសសមនុស្សម្នាក់អាចកើនឡើង ១,៨១៦ដុល្លារ)។
ទី២៖ បង្កើតការងារឲ្យកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនជាពិសេសសម្រាប់យុវជន។
ទី៣៖ ធ្វើឲ្យសម្រេចបានតាមគោលដៅ កាត់បន្ថយភាពក្រីក្រឲ្យស្ថិតក្នុងអត្រាទាបក្រោម១០%។
ទី៤៖ បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឲ្យបាន កាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងអំណោយផលខាងបរិស្ថានសម្រាប់វិនិយោគ។
លោកបានលើកឡើងថា សមិទ្ធផលដ៏មហិមារទាំងអស់នេះ អាចសម្រេចទៅបានដ៏រាបណាពលរដ្ឋយើងទាំងអស់គ្នា ដែលស្ថិតក្រោមដំបូលសុខសន្តិភាពនេះ ត្រូវខិតខំថែរក្សាឲ្យបានគង់វង្ស នូវសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាពិសេសត្រូវរួមសាមគ្គីគ្នាការពារសុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍន៍ ដោយត្រូវចូលរួមគាំទ្រឥតងាករេ និងទទួលខុសត្រូវខ្ពស់ ជាមួយព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រណសិរ្យ ដែលជាអ្នកតំណាងដ៏ឧដុង្គឧត្តមរបស់ប្រជាជន និងជាក្បាលម៉ាស៊ីនដឹកនាំរបស់ជាតិយើងទាំងពេលបច្ចុប្បន្ន និងអនាគត៕