(ភ្នំពេញ)៖ ក្រុមហ៊ុន Oxley Gem ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅផ្លូវសម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្រេចតែងតាំង ក្រុមហ៊ុនអ្នកម៉ៅការសាងសង់ថ្មីមួយដែលមានឈ្មោះថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd (CRUCG) ដើម្បីមកទទួល និងបន្តដំណើរការសាងសង់សំណង់ ដែលមានស្រាប់តទៅមុខទៀត។
ក្រុមហ៊ុន CRUCG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន (CRCC) ជាសហគ្រាសសំណង់របស់រដ្ឋដ៏ធំមួយ ដែលត្រូវបានចុះបញ្ជីនៅសៀងហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ២០០៨ (មានលេខកូដ A-Share code 601186, H-Share code 1186) ។
នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុននេះ ត្រូវបានគេចាត់ចំណាត់ថ្នាក់លំដាប់ទី៥៨ ក្នុងចំណោមក្រុមហ៊ុន ដែលមានសំណាងបានជាប់ចំណាត់ថ្នាក់ទាំង៥០០ ក្រុមហ៊ុន និងជាក្រុមហ៊ុនវិស្វកម្មដ៏ធំលំដាប់ទី៣ ក្នុងចំណោមក្រុមហ៊ុនវិស្វកម្មធំៗ ដែលបានជាប់ចំណាត់ថ្នាក់ទាំង២៥០ក្រុមហ៊ុន នៅលើពិភពលោកក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា។
ក្រុមហ៊ុន CRUCG មានជំនាញក្នុងការសាងសង់គម្រោងលំនៅដ្ឋាន និងមានបទពិសោធន៍ច្រើន ក្នុងការចុះកិច្ចសន្យាសាងសង់អគារខ្ពស់ៗទូទៅ និងសំណង់ស្មុគស្មាញធំៗ ក្នុងតំបន់ទីក្រុង។
បច្ចុប្បន្នក្រុមហ៊ុន Oxley Gem កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនម៉ៅការមេមុនឈ្មោះ Great Wall International Engineering Co., Ltd (SINO) លើដំណាក់កាលចុងក្រោយនៃដំណើរការផ្ទេរ និងប្រគល់ឲ្យក្រុមហ៊ុន CRUCG ដើម្បីឲ្យ CRUCG ចូលមកទទួល និងកាន់កាប់ការងារសាងសង់ បន្តឲ្យប្រព្រឹត្តទៅបានរលូនចាប់ពីថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០១៩ តទៅហើយផ្តើមបន្តដំណើរការសាងសង់ដូចធម្មតា និងជាបន្តបន្ទាប់។
ជាមួយគ្នានេះ ក្នុងនាមក្រុមហ៊ុន និងក្នុងនាមភាគីពាក់ព័ន្ធទាំងអស់ ដែលជាប់ទំនាក់ទំនងជាមួយនឹងគម្រោងអភិវឌ្ឍន៍ The Peak ក្រុមហ៊ុន Oxley Gem សូមធានាថា កាលបរិច្ឆេទបញ្ចប់ការសាងសង់សំណង់គម្រោងដែលបានគ្រោងទុកនោះ នឹងមិនមានផលប៉ះពាល់ដល់ការបញ្ចប់កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SINO និង ការជំនួសដោយក្រុមហ៊ុនអ្នកម៉ៅការថ្មីបន្តឡើយ៕