(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរួបរួមកម្លាំងគ្នានៅទូទាំងប្រទេស ប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃកំណើតរបស់ខ្លួនយ៉ាងមហោឡារិក។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានដឹកនាំរៀបចំពិធីអបអរនេះដ៏ធំមួយ នៅរាជធានីភ្នំពេញ ពោលរៀបចំនៅពហុកីឡដ្ឋានអូឡាំពិក ដែលមានអ្នកចូលរួមប្រមាណ៩,០០០នាក់។ សម្រាប់នៅតាមបណ្ដាខេត្តផ្សេងៗទៀត ក៏មានការរៀបចំដំណើរគ្នានេះផងដែរ។
អ្វីដែលបង្ហាញពីការរួបរួមគ្នានោះ នៅពេលលោក ហ៊ុន ម៉ានី បានឡើងថ្លែងទៅកាន់សមាជិករបស់ខ្លួននៅពហុកីឡដ្ឋានអូឡាំពិកនោះ ក៏មានការដាក់បង្ហាញនូវស្លាយ និងផ្សាយផ្ទាល់តាមទំព័រ Facebook របស់ខ្លួនដើម្បីឲ្យសមាជិកតាមបណ្ដាខេត្តបានស្ដាប់ផងដែរ។ រហូតមកដល់ពេលនេះ សមាជិកសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា មានជាង១៤ម៉ឺននាក់។
សូមជម្រាបថា ស.ស.យ.ក រណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបន្តបុព្វហេតុ ការការពារ និងបេ្តជ្ញារក្សាមិនឲ្យបាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និងបង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។
ស្មារតី២ធ្នូ សម្ដៅដល់ការលះបង់ និងការដាក់ប្រយោជន៍បុគ្គលម្នាក់ៗដោយឡែក ហើយមករួបរួមគ្នា ពុះពារដើម្បីសម្រេចនូវបុព្វហេតុរួម នោះគឺសម្រាប់សង្គមជាតិ និងប្រជាជន។
ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន លើកិច្ចការងារយុវជន សកម្មភាពវប្បធម៌ ប្រវត្តិសាស្ត្រ និងជាពិសេសការចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកវែងជាងគេ និងព្រឹត្តិការណ៍នានាផ្សេងៗ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាករេ ថានឹងបន្តខិតខំប្រឹងប្រែងទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបាននូវឯករាជ្យភាព បូរណភាពទឹកដី និងការពារនូវសុខដុមរមនានៃសង្គមសម្រាប់ប្រជាជនយើង និងប្រឆាំងដាច់ខាតនូវរាល់ ការគំរាមកំហែងគ្រប់រូបភាពទាំងអស់ទាំងក្នុង និងក្រៅប្រទេស៕