(កណ្ដាល)៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៣ ស្ថិតនៅក្នុងភូមិដាច់ដោយឡែកពីគ្នា នៃស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយ លី សុជាតិ ស្នងការរងនគរបាល សហការជាមួយសមត្ថកិច្ចស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបដោយរឹបអូសបានស្ករត្នោតក្លែងក្លាយផលិតរួចជាង ២តោន និងសម្ភារមួយចំនួនបំរើឲ្យការផលិតមួយចំនួនផ្សេងទៀត។
លោក លី សុជាតិ បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមលោកស្នងការរង ចំពោះម្ចាស់ទីតាំងផលិតកែច្នៃស្ករត្នោតទាំង ៣ទីតាំងខាងលើ ត្រូវបានហៅមកអប់រំធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តបន្តទៀត។ ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករត្នោតក្លែងក្លាយកែច្នៃរួច ត្រូវបានយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកអង្គរស្នួល ដើម្បីបន្តនីតិវិធី។
ទីតាំងដែលបង្ក្រាបបានរួមមាន៖
*ទីតាំងទី១៖ ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល
*ទីតាំងទី២៖ ឈ្មោះ ជឹម ជុន អាយុ៣៥ឆ្នាំ មានទីនៅភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល
*ទីតាំងទី៣៖ ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សរុបទីតាំងទាំង៣ទីតាំង ដែលរូបបានរួមមាន៖
*ម៉ូទ័រកូរស្ករចំនួន ៥គ្រឿង
*ខ្ទះរំងាស់ស្ករចំនួន៦
*ស្ករសចំនួន ៤៥បាវ ស្មើនឹង ២២៥០គីឡូក្រាម
*ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន ៧៤ធុងស្មើនឹង ២២៥០គីឡូក្រាម។
បើតាមការខ្សឹបខ្សៀវថា ថៅកែដែលប្រមូលទិញ និងផ្ដល់ដើមទុននឹងការផលិតស្ករត្នោតក្លាយនេះ គឺនៅរាជធានីភ្នំពេញ ហើយគេយកមកចែកចាយនៅផ្សារធំៗជាច្រើនរួមមាន៖ ផ្សារដើមគរ ផ្សារសាមគ្គី ផ្សារច្បារអំពៅ ផ្សារអង្គស្នួល ផ្សារតាខ្មៅ និងផ្សារជាច្រើនផ្សេងទៀត ហើយថៅកែធំគឺនៅច្បារអំពៅ៕