(ភ្នំពេញ)៖ សាលាអន្តរជាតិ វើលដ៍ កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនសិស្ស ដែលបានប្រឡងបញ្ចប់ ថ្នាក់បឋមសិក្សាអន្តរជាតិសិង្ហបុរី ឆ្នាំ២០១៩ ដោយជោគជ័យ ដែលមានចំនួន២០នាក់ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីលោកស្រី សាយ សោភា ស្ថាបនិក និងជាអគ្គនាយិកានៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា និងមានវត្តមានភ្ញៀវកិត្តិយស មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួនជាង ៥០០រយនាក់ នៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ។
លោកស្រី សាយ សោភា បានឱ្យដឹងថា នេះជាលើកទី១ សមា្រប់សាលារៀន ក្នុងការរៀបចំកម្មវិធីនេះ ឡើង ហើយជាកិតិ្តយសដែលសាលាត្រូវបានទទួលស្គាល់ពីក្រុមប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីប្រឡងរបស់ប្រទេសសិង្ហបុរី ក្នុងការរៀបចំជាមជ្ឈមណ្ឌលប្រឡង iPSLE ដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា។
លោកស្រី សាយ សោភា ក៏បានលើកឡើងពីសមិទ្ធផល ដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រេចបានក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកមានដូចជា៖
* ទី១៖ ការចូលរួមកម្មវិធី STEM (International) បានប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសិស្សានុសិស្សរបស់សាលាអន្តរជាតិ វើលដ៍ កម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម និងទទួលបានប័ណ្ណសសើរពីក្រសួងអប់រំ យុវជន និងកីឡា។
* ទី២៖ កម្មវិធីប្រឡង Cambridge Assessment English សិស្សានុសិស្សរបស់សាលាអន្តរជាតិ វើលដ៍ កម្ពុជា បានប្រឡងជាប់ ១០០% និងទទួលបានវិញ្ញាបនបត្រពី Cambridge នៃចក្រភពអង់គ្លេស។
* ទី៣៖ កម្មវិធីប្រកួតកីឡា ក្នុងទិវាសិទ្ធិមនុស្សលើកទី៨ ដែលរៀបចំដោយសាលាចំណេះទូទៅឯកជនមួយក្នុងរាជធានីភ្នំពេញ ក្នុងនោះសិស្សានុសិស្ស របស់សាលាអន្តរជាតិ វើលដ៍ កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ U១០ និងលេខ១ សម្រាប់ U១២។
* ទី៤៖ កម្មវិធីប្រឡង SASMO សិស្សានុសិស្សរបស់សាលាអន្តរជាតិ វើលដ៍ កម្ពុជា ទទួលបានជោគជ័យដូចជា សិស្សទទួលបានមេដាយមាសចំនួន ០៧នាក់ និងមេដាយសំរឹទ្ធិ ១៩នាក់។
* ទី៥៖ OTHM Centre គឺជាកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់កម្រិតថ្នាក់វិទ្យាល័យរបស់ចក្រភពអង់គ្លេស។ សាលាអន្តរជាតិ វើលដ៍ កម្ពុជា ត្រូវបានទទួលស្គាល់ ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញ ជាមជ្ឈមណ្ឌល OTHM Centre និងជាសាលារៀនមួយក្នុងចំណោមសាលាផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយក្រសួងអប់រំ នៃចក្រភពអង់គ្លេស។
*ទី៦៖ សាលាអន្តរជាតិ វើលដ៍ កម្ពុជា ត្រូវបានវាយតម្លៃពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ជាសាលាដែលមានស្នាដៃល្អប្រសើរ លើការងារគ្រប់គ្រងរដ្ឋបាល បរិស្ថាន និងបច្ចេកទេសបង្រៀន។ ចំពោះសមិទ្ធផលចុងក្រោយ ដែលសាលាអន្តរជាតិ វើលដ៍ កម្ពុជាទទួលបានគឺបានរៀបចំកម្មវិធីប្រឡង iPSLE ដែលជាការប្រឡងអន្តរជាតិបញ្ចប់កម្រិតថ្នាក់បឋមសិក្សានៃប្រទេសសិង្ហបុរី ហើយជាការប្រឡង ដែលផ្តល់ជូនដល់សិស្សានុសិស្សទាំងអស់ នៅពេលបញ្ចប់ កម្រិតថ្នាក់បឋមសិក្សា សម្រាប់សាលារៀន ដែលប្រើប្រាស់កម្មវិធីសិក្សាតាមបែបប្រទេសសិង្ហបុរី ។
សាលាអន្តរជាតិ វើលដ៍ កម្ពុជា ត្រូវបានទទួលស្គាល់ជាសាលា ដែលមានលក្ខណៈសម្បត្តិពេញលេញ ជាមជ្ឈមណ្ឌលប្រឡង iPSLE និងជាសាលាដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីប្រឡងរបស់ប្រទេសសិង្ហបុរី។
លោកស្រីបានបន្តទៀតថា ឆ្នាំសិក្សាថ្មី២០១៩-២០២០ នេះ សាលារៀនបានបំពាក់នូវបរិក្ខាថ្មីៗទំនើបៗ បញ្ចូលបន្ថែមនូវសម្ភារៈឧបទេសបង្រៀន កែលម្អថ្នាក់រៀន បរិវេណសាលា និងអគារសិក្សាទាំងមូលផងដែរ ដើម្បីឆ្លើយតបទៅនឹងគុណភាពសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែមានខ្លាំងឡើងទ្វេដង។
សូមបញ្ជាក់ថាសិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវីធីទទួលវិញ្ញាបនបត្រនេះ បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ដែលសាលារៀនបាន ខិតខំយកចិត្តទុកដាក់ បង្កើតនូវកម្មវិធី នេះឡើង ដើម្បីជាការលើកទឹកចិត្តដល់ សិស្សានុសិស្សឱ្យកាន់តែចូលចិត្តរៀនសូត្រ ហើយសាលាក៏បានរិះរកគ្រប់មធ្យោបាយ បញ្ចូលកម្មវិធីសិក្សាល្អៗ ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះជំនាញ និងបំណិនប្រសព្វមួយយ៉ាងពិតប្រាកដសម្រាប់ថ្ងៃអនាគតថែមទៀតផង៕