(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២ធ្នូ ១៩៧៨-២ធ្នូ ២០១៩ ក្រោមប្រធានបទ «ស.ស.យ.ក ក្រុមគ្រួសារ ចិត្ត បេះដូង ស្មារតី ភាសារ កម្លាំងតែមួយ» ដែលប្រព្រឹត្តិទៅនៅរង្វង់មូលខាងមុខសាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ម៉ែន វិបុល បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលតែងតែបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារជាច្រើនសម្រាប់សង្គមជាតិ នៅគ្រប់ទីកន្លែង រួមទាំងការងារមនុស្សធម៌ ការពង្រឹងសមត្ថភាពរបស់យុជន វិស័យអប់រំ រួមទាំងទិសដៅក្នុងការងារអភិវឌ្ឍជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ស.ស.យ.ក រណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណងដូចតទៅ៖
* ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។
* តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម។
* ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារ កម្ពុជា។
* ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ៕