(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តសៀមរាប ជាង១០០០នាក់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំពិធីអបអរសាទរខួបលើក ៤១ឆ្នាំ នៃថ្ងៃកំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលមហោស្រព អាណាចក្រអង្គរ ក្រុងសៀមរាប ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត។
បន្ទាប់ពីការទស្សនា និងស្ដាប់ការផ្សាយផ្ទាល់នូវប្រសាសន៍របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងថាពីរាជធានីភ្នំពេញ រួមមក លោក ពៅ ពិសិដ្ឋ បានថ្លែងថា ក្នុងពិធីប្រារព្ធខួប ៤១ឆ្នាំ នៃថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា នាពេលនេះ គឺយើងពិតជាមានមោទនភាព និងសប្បាយចិត្តយ៉ាងក្រៃលែង ដែលយុវជនបានយល់ដឹងអំពីការបណ្ដុះស្មារតី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសមិទ្ធផលថ្មីៗ សម្រាប់សង្គមជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបានអរគុណចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលតែងតែគាំទ្រ និងបន្ដសកម្មភាព មនុស្សធម៌ សកម្មភាពសង្គម ជាច្រើននាពេលកន្លងមក។ ចំពោះកម្មវិធីខួប៤១ឆ្នាំ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នេះធ្វើទ្បើង គឺក្នុងគោលបំណងដាស់តឿនស្មារតីដល់ សមាជិក សមាជិកា និងយុវជនទូទៅបានយល់ច្បាស់ពីប្រវត្តិ បុព្វហេតុ និងពលកម្មរបស់អតីតយុវជន និងការលះបង់ពុះពាររបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ជំនាន់ ដែលបានចូលរួមក្នុងបុព្វហេតុសង្គមជាតិ និងយុវជនកម្ពុជា។
ឆ្លៀតក្នុងឧកាសថ្ងៃនេះផងដែរ លោកបានសូមអំពាវនាវឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្អូនៗ យុវជនទាំងអស់ បន្ដសហការ និងចូលរួមសកម្មភាពការងារសង្គមឱ្យបានច្រើន ម្យ៉ាងទៀត គឺដើម្បីបង្កើតមិត្តភាព សាមគ្គីភាព ទៅវិញទៅមក ក្នុងនាមយើងជាខ្មែរតែមួយ ជាពិសេសគឺធ្វើយ៉ាងណាដើម្បីឱ្យយុវជន ទទួលបានចំណេះដឹងថ្មីៗ និងជៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ព្រោះខេត្តសៀមរាបយើង ជាខេត្តទិសដៅមួយដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ ប្រសិនបើយើងអាចដោះស្រាយបាន ចំពោះ បញ្ហាប្រឈមនានាខាងលើបាន នោះភ្ញៀវជាតិ ក៏ដូចជាភ្ញៀវអន្តរជាតិក៏មកលេងខេត្តរបស់យើងកាន់តែច្រើនឡើងៗផងដែរ៕