(កំពត)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ស្ថិតក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត មានពិធីចុះកិច្ចព្រមព្រៀងមួយរវាង ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដើម្បីសហប្រតិបត្តិការលើកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ កសាងសមត្ថភាពទាំងជំនាញទន់ និងជំនាញរឹឲ្យកាន់តែច្បាស់លាស់ គោលបំណងរួមចំណែកអភិវឌ្ឍវិស័យសំណង់ឲ្យកាន់តែមានគុណភាព។
ពិធីចុះកិច្ចព្រមព្រៀង បានរៀបចំឡើងក្រោមការអញ្ជើញចូលរួមពីលោក ជ្រុន គឹមលេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត និងលោក នីកូឡាស់ ចច (Nicolas George) នាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ព្រមទាំងមន្ត្រី និងបុគ្គលិកក្រោមឱវាទជាច្រើនរូបនៃស្ថាប័នទាំងពីរ ជាពិសេសគឺសិក្ខាកាមចំនួន ៣០នាក់ដែលបានដាក់ពាក្យស្នើសុំចូលរៀន វគ្គបណ្ដុះបណ្ដាលដំបូងនេះ។
វគ្គបណ្ដុះបណ្ដាលជាងសំណង់ ដែលមានរយៈពេល ៣ខែ ក្នុងមួយវគ្គ នឹងធ្វើឲ្យជាងសំណង់មានជំនាញកាន់តែប្រសើរជាងមុន ដោយសារវគ្គនេះ និងគ្របដណ្ដប់លើមុខវិជ្ជាសំខាន់ៗ ដូចជា៖
*ការងាររៀបចំផែនការ
*ការងាររៀបឥដ្ឋ
*ការងារបូកស៊ីម៉ងត៍
*បញ្ហាសុវត្ថិភាព
*ការងារចាក់បេតុង
*ការងារតម្លើងគ្រោងដែក
*ការងារចាក់ពុម្ព
*ការងាររៀបចំការដ្ឋាន
*ការចុះអនុវត្តផ្ទាល់នៅតាមការដ្ឋានថែមទៀតផង។
លោក នីកូឡាស់ ចច បានលើកឡើងថា ជាងសំណង់តំណាងឲ្យអ្នកប្រើប្រាស់ភាគច្រើន។ លោកថា «យើងពឹងផ្អែកលើពួកគាត់ដើម្បីសង់ផ្ទះ ឬការិយាល័យការងារសាងសង់ច្រើនទៀត គាត់មានតួនាទីយ៉ាងសំខាន់ដើម្បីធានាគុណភាព និងនិរន្តរភាពនៃវិស័យសំណង់។ នៅក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន យើងជឿថា ការផលិតស៊ីម៉ងត៍មានគុណភាពល្អតែមួយមុខ មិនគ្រប់គ្រាន់នោះទេ ធាតុពិតលក់នោះគឺការប្រើប្រាស់ស៊ីម៉ង់ត៍បានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយគុណភាពរបស់វាពិតប្រាកដ ត្រូវបានទទួលស្គាល់ ហើយកាន់តែមានសារៈសំខាន់លនោះ គឺមានមេជាងដែលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាព។ នេះជាហេតុផលដែលយើងចាប់ផ្ដើមដំណើរការមួយនេះ ហើយយើងនឹងបន្តទៅកាន់ខេត្តផ្សេងៗទៀត»។
លោក ជ្រុន គឹមលេង ក៏បានលើកឡើងផងដែរថា ការចុះអនុស្សារណៈនេះមានប្រយោជន៍ដល់វិស័យសំណង់ ដូចជា ការអភិវឌ្ឍធនធានមនុស្ស បង្កើតការងារធ្វើកាន់តែច្រើន ការលើកទឹកចិត្តឲ្យសិស្សចូលរៀនក្នុងវិស័យសំណង់កាន់តែច្រើន ជាពិសេសនោះគឺការតម្រង់ទិសកម្មវិធីសិក្សាឲ្យកាន់តែល្អប្រសើរ។
លោកបញ្ជាក់ថា នេះជាលើកដំបូងបំផុតដែលវិទ្យាស្ថាន ចុះអនុស្សារណៈចាប់ដៃគូជាមួយផ្នែកឯកជន ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសំណង់។ លោកបានថ្លែងថា
តាមរយៈកិច្ចព្រមព្រៀងខាងលើ ការបណ្ដុះបណ្ដាល នឹងចែកជា៣វគ្គ ដោយក្នុងមួយវគ្គ មានសិក្ខាកាមចូលរួមចំនួន ៣០នាក់ មកទទួលការបណ្ដុះបណ្ដាលពីគ្រូបង្វឹកដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់នៅក្នុងវិទ្យាស្ថាន ហើយក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីវិទ្យាស្ថាន និងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេន។ លើសពីនេះសិក្ខាកាម ក៏ទទួលបានកម្រៃឧបត្ថម្ភបន្ថែមជាសាច់ប្រាក់ចំនួន ១៥ដុល្លា ជារៀងរាល់ថ្ងៃសៅរ៍ សម្រាប់ថ្លៃអាហារ ក្នុងកំឡុងពេលសិក្សា ការបណ្ដុះបណ្ដាលប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។
កន្លងមកក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន បានចូលរួមសហការបណ្ដុះបណ្ដាលជាងសំណង់ និងអ្នកម៉ៅការចំនួន ៩០នាក់ រួចមកហើយ ដោយសារការសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេស (NPIC) នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន នឹងបន្តសហការវិទ្យាស្ថាន និងសាលាបណ្ដុះបណ្ដាលជំនាញសំណង់នានាសម្រាប់ការបណ្ដុះបណ្ដាលនេះនៅក្នុងពេលអនាគត៕