(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាកិត្តិយសប្រារព្ធ ទិវាប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ ដោយមានវត្តមានចូលរួមពីតំណាងស្ថាប័នជាតិ-អន្តរជាតិ តំណាងអង្គទូតនានា តំណាងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ដៃគូអភិវឌ្ឍ និងតំណាងសង្គមស៊ីវិលប្រមាណ ៧០០នាក់។
រៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តែងរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ខែធ្នូ នេះ ជាទៀងទាត់នៅទូទាំង២៥ រាជធានី-ខេត្ត ក្នុងបំណងបង្ហាញការប្តេជ្ញាចិត្ត ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ រំលឹកនូវការផ្តល់ការគាំទ្រ ដល់អ្នកផ្ទុកមេរោគអេដស៍ និងរំឭកនូវសោកនាដកម្ម នៃអ្នកស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំឭកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ដើម្បីឈានទៅលុបបំបាត់ ការឆ្លងរីករាលដាលមេរោគអេដស៍ រួមចំណែកក្នុងការអភិវឌ្ឍរបស់មនុស្សជាតិ។
*អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ មានការថយចុះជាបន្តបន្ទាប់តាំងពី ១,៦% នៅឆ្នាំ១៩៩៨ មកនៅ០,៨% នៅឆ្នាំ២០១០ និងមកនៅត្រឹមតែ ០,៦% នៅឆ្នាំ២០១៨។
*តាមការសិក្សាតាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។
*អ្នកបានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ មាន៥៩.៥២៦នាក់ (ក្នុងឆ្នាំ២០១៨) និងមានប្រមាណជាង ៦០.០០០នាក់ ក្នុងឆ្នាំ២០១៩នេះ ។
*អ្នកឆ្លងថ្មីមានការថយចុះប្រមាណជា៦២% ចាប់ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១៨ ដែលតាមការប៉ាន់ប្រមាណអ្នកឆ្លងថ្មីក្នុងឆ្នាំ២០១៨នេះ មានចំនួន៨៨០នាក់។
*អ្នកស្លាប់ដោយមេរោគអេដស៍ ក៏មានការថយចុះប្រមាណជា ៤៨% ផងដែរ ចាប់ពីឆ្នាំ២០១០មក ដែលការស្លាប់នៅឆ្នាំ២០១៨កន្លងមកនេះ មានប្រមាណជា ១៣០០ នាក់។
*ការរាយការណ៍ពីការមាក់ងាយ និងរើសអើងពីខាងក្រៅមានការធ្លាក់ចុះ ជាពិសេសការបដិសេធមិនផ្តល់ការងារ ពី៤៦%នៅឆ្នាំ២០១០ មកនៅតែប្រមាណ២% នៅឆ្នាំ២០១៩ និងការបំពានជាពាក្យសំដី ពី១៤%នៅឆ្នាំ២០១០ មកនៅតែប្រមាណ២% នៅឆ្នាំ២០១៩។ ប៉ុន្តែការមាក់ងាយ និងរើសអើងដោយខ្លួនឯង ជាពិសេសអារម្មណ៍អៀនខ្មាស នៅតែជាបញ្ហាគួរឱ្យកត់សម្គាល់នៅឡើយ ដោយមានអត្រា៧១,៥% នៅឆ្នាំ២០១០ មកនៅ ៦២,៧%នៅឆ្នាំ២១៩ ។
ភាពជោគជ័យ លើការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា គឺធ្វើឡើងដោយមានការចូលរួមទាំងអស់គ្នា តាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍» ដែលមកដល់ពេលនេះ ជាលទ្ធផលកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈរួមមាន៖
*នៅឆ្នាំ២០០៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជាបានទទួលគោរម្យងារពីអង្គការសហប្រជាជាតិ ជា «ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា»។
*នៅឆ្នាំ២០០៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទទួលនូវ «ពានរង្វាន់វេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ា-ស៊ីហ្វិកស្តីពីមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា» ពី អង្គការសហប្រជាជាតិជាថ្មីទៀត។
*ឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានទទួលពានរង្វាន់ ពីអង្គការសហប្រជាជាតិក្នុងការសម្រេចគោលដៅ អភិវឌ្ឍន៍សហស្សវត្សលើការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។
*នៅឆ្នាំ២០១៧ អង្គការ UNAIDS បានប្រកាសទទួលស្គាល់ប្រទេសកម្ពុជា ក្នុងចំណាមប្រទេសចំនួន៧ នៅក្នុងពិភពលោក (រួមមាន ចក្រភពអង់គ្លេស អ៊ីស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត សឹង្ហបុរី និងបុតស្វាណា) ថា ជាប្រទេសដែលអាចសម្រេចបាននូវគោលដៅ ៩០ ៩០ ៩០ នា ឆ្នាំ២០២០ មុនកាលកំណត់៕