(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ៥នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំជំនុំជម្រះនៅពេលខាងក្រោយ ហើយការឃុំខ្លួនជនត្រូវចោទទាំងនេះ ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា។ នេះបើតាមមន្ត្រីតុលាការ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ជនត្រូវចោទទាំង៥នាក់ រួមមាន៖ ១៖ ឈ្មោះ Wang Zhao liang អាយុ៣២ឆ្នាំ, ២៖ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ៣៖ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ៤៖ ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និង៥៖ឈ្មោះ Lin Xiao bo អាយុ៣៤ឆ្នាំ។ ក្នុងនោះកម្លាំងជំនាញ រំដោះបានជនរងគ្រោះចំនួន ០២នាក់ គឺ១៖ ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំ និង២៖ ឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ។
សូមបញ្ជាក់ថា ក្រោយសមត្ថកិច្ចបង្ក្រាបបានក្រុមជនជាតិចិន ក្នុងករណីចាប់បង្ខាំងរួចធ្វើទារុណកម្ម និងជំរិតទារប្រាក់ ពីជនរងគ្រោះជាជនជាតិចិន ដូចគ្នាចំនួន០២នាក់ ក្រុមឧក្រិដ្ឋជនទាំង០៥នាក់ ត្រូវសមត្ថកិច្ចបញ្ជូនដល់តុលាការ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៉ើបសួរ និងចោទប្រកាន់តាមច្បាប់របស់កម្ពុជា។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបំបែកលើសំណុំរឿងជនជាតិចិន ចាប់ជំរិតទារប្រាក់ចំនួន (១០ម៉ឺនដុល្លារអាមេរិក) ទៅលើជនជាតិចិនដូចគ្នា ហើយឈានដល់ចាប់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះជនរងគ្រោះបាន២នាក់ នៅសណ្ឋាគារមួយកន្លែង កណ្តាលរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ដែលរាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ បង្កឡើងដោយជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិន ចំនួន០២នាក់។
ប្រត្តិបត្តិការណ៍ ធ្វើឡើងដោយមានការគោលការណ៍ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយបានចាត់ឲ្យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបស្រាវជ្រាវបង្ក្រាបភ្លាមៗ។
ក្រោយទទួលបានបទបញ្ជា លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៉ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕