(ភ្នំពេញ)៖ គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ ដែលជាគ្លីនិកសង្កត់ធ្ងន់លើការព្យាបាល និងការពារមិនឲ្យមានជំងឺដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបទាន់សម័យ ដោយគ្របដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយដោយប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអ៊ីយ៉ុង ក្នុងការមើលថែផ្នែកចំណីអាហារ ការថែទាំសម្រស់ស្បែក និងពន្យាររភាពចាស់ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលា ស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
សិក្ខាសាលាផ្សព្វផ្សាយនេះដែរ បានរៀបចុះឡើងក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការថែរក្សាសុខភាព និងសម្ផស្សតាមរយៈវិធីកែប្រែទម្លាប់នៃការរស់នៅឲ្យបានត្រឹមត្រូវ និងរួមមានការធ្វើបទបង្ហាញ និងផ្តល់ការប្រឹក្សាយោបល់អំពីការស្តារនឹងថែរក្សាសុខភាព និងសម្ផស្ស ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងទទួលបានសញ្ញាបត្របញ្ជាក់គុណភាពពីស្ថាប័ននានានៅលើពិភពលោក ដើម្បីណែនាំអ្នកចូលរួមឲ្យអនុវត្តការថែរក្សាសុខភាព និងសម្ផស្សឲ្យបានត្រឹមត្រូវ។
ថ្លែងក្នុងសិក្ខាសាលានេះលោក ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណដល់គ្លីនិក Absolute Health ដែលបានជ្រើសរើសកម្ពុជា ដើម្បីរៀបចំសិក្ខាសាលា ដ៏មានអត្ថប្រយោជន៍នេះឡើង ដើម្បីចែករំលែកចំណេះដឹង និងស្វែងយល់ពីការព្យាបាលបង្កើតកោសិកាថ្មីនេះឡើងដល់អ្នកចូលរួម ក៏ដូចជាប្រជាជនកម្ពុជា។ លោកជឿជាក់ថា ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់នេះនឹងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមទាំងអស់ និងពិតជាបានរួមចំណែក ពីបញ្ហាចំណេះដឹង ផ្នែកសុខភាពជូនអ្នកចូលរួមទាំងអស់ផងដែរ។
លោកវេជ្ជបណ្ឌិត CHATCHAI SRIBUNDIT អគ្គនាយកក្រុមហ៊ុន Absolute Health Group បានគូសបញ្ជាក់ថា Absolute Health គឺជាគ្លីនិកដែលឈានមុខគេ នៅប្រទេសថៃ និងមានក្រុមគ្រូពេទ្យជំនាញពោរពេញដោយបទពិសោធន៍ ដែលផ្តល់នូវទំនុកចិត្តជូនអតិថិជននូវការព្យាបាលឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាព គ្រប់ផ្នែក គ្រប់ដំណាក់កាល ចាប់តាំងពីការពិនិត្យវិភាគសុខភាពលក្ខណៈជារួម ដើម្បីរកឲ្យឃើញនូវមូលហេតុនៃជំងឺយ៉ាងស៊ីជម្រៅ ការពិនិត្យវិភាគជំងឺរ៉ាំរ៉ៃនានា ការថែទាំសុខភាពក្នុងន័យការពារជំងឺ និងពន្យារភាពចាស់ ព្រមជាមួយនឹងសេវាប្រកបដោយភាពងាយស្រួលកក់ក្តៅ យកចិត្តទុកដាក់គ្រប់ដំណាក់កាលទាំងអស់នៃ ការព្យាបាល។
លោកវេជ្ជបណ្ឌិត CHATCHAI SRIBUNDIT បានបន្ថែមថា លោកមានសេចក្តីរីករាយក្នុងការស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីធានាបានឲ្យថាប្រជាជននៅក្នុងតំបន់ ទទួលយកបានការព្យាបាលដែលមានគុណភាព។ លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យជំនាញមិនត្រឹមតែបំពេញតួនាទីជាគ្រូពេទ្យព្យាបាលប៉ុណ្ណោះទេ ថែមទាំងបំពេញ តួនាទីជាទីប្រឹក្សាផ្នែកសុខភាពផ្ទាល់ខ្លួន ដើម្បីជាវិធីសាស្រ្តគាំទ្រសុខភាពដ៏ល្អចំពោះអ្នកជំងឺក្នុងរយៈពេលវែងទៀតផង។
សូមបញ្ជាក់ថា គ្លីនិក Absolute Healthនេះ បានសង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិតនៃជំងឺ ការពារមិនឲ្យមានជំងឺដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្តារនិងព្យាបាលជំងឺដោយវិធីកែប្រែទម្លាប់ការរស់នៅ លាងជាតិពុល ប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអ៊ីយ៉ុង ការមើលថែផ្នែកចំណីអាហារចំពោះបុគ្គលយ៉ាងមានអនាម័យ ការថែទាំសម្រស់ស្បែក ពន្យាររភាព និងការបន្តឹងស្បែកនិងរាង្គកាយ ដើម្បីឲ្យអ្នកមានភាពស្រស់ស្អាតដូចធម្មជាតិ ដោយបច្ចេកវិទ្យាព្យាបាលដោយចលនា និងស្តារដោយវេជ្ជសាស្ត្រ ដោយប្រើកាំរស្មីឡាស៊ែររលក shock wave រលកម៉ាញ៉េទិច ដើម្បីព្យាបាលដោយគ្មានការឈឺចាប់៕