(ភ្នំពេញ)៖ វិស័យលក់គ្រឿងសម្អាង សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នៅប្រទេសកម្ពុជា បច្ចុប្បន្ននេះមានតម្លៃទីផ្សារហក់ឡើងយ៉ាងខ្លាំង ដោយសារតែកំណើនយុវជនខ្មែរ ចេះតែកើនឡើងជាលំដាប់ ខណៈការពេញនិយមប្រើប្រាស់គ្រឿងសម្អាង ដើម្បីតុបតែងខ្លួន សម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗ តម្រូវឱ្យពួកគេប្រើប្រាស់ផងដែរ។
ជាក់ស្តែងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន ដីម៉ាសែល ឯ.ក បានបើកសម្ពោធជាផ្លូវការនៅសណ្ឋាគារ ភ្នំពេញ ដើម្បីចូលរួមចំណែកបម្រើដល់តម្រូវការគ្រឿងសម្អាង ដែលមានគុណភាព ដល់អតិថិជននៅកម្ពុជា។
បើតាមលោកស្រី ចុង ធា អគ្គនាយកក្រុមហ៊ុន ដឺម៉ាសែល ឯ.ក បានឱ្យដឹងថា ក្រុមហ៊ុនត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩នេះ ទទួលសិទ្ធិជាផ្លូវការ ក្នុងការចែកចាយផលិតផល ពីរោងចក្រផ្ទាល់ទៅលើម៉ាកល្បីៗច្រើនមកពីប្រទេសកូរ៉េ សម្រាប់ផលិតផលគ្រឿងសម្អាង ជូនដល់អតិថិជន ហើយក៏បានចូលរួមចំណែកក្នុងការអភiវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។
លោកស្រីបានបន្តថា ការសម្រេចចិត្តបើកក្រុមហ៊ុននេះឡើង ដោយសារប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានការអភិវឌ្ឍន៍ដ៏លឿន និងមានសក្តានុពល ទន្ទឹមនឹងនេះសម្រាប់សុភាពនារី និងសុភាពបុរសសម័យថ្មីក៏ មានតម្រូវការខាងគ្រឿងសម្អាង យ៉ាងខ្លាំងផងដែរ។ ដូច្នេះដើម្បីបំពេញតម្រូវការចាំបាច់ទាំងអស់នេះ ក្រុមហ៊ុន ដីម៉ាសែល បានបើកក្រុមហ៊ុនរបស់ខ្លួន ហើយផ្តល់ជូនអតិថិជនទាំងអស់នូវបាវចនា «ដឺម៉ាសែល តែងតែឈានមុខគេជានិច្ចទាំងគុណភាព និងតម្លៃសម្រម»។
លោកស្រី ចុង ធា ដែលនាំយកផលិតផលគ្រឿងសម្អាងយកមកលក់ចែកចាយ នៅក្នុងប្រទេសកម្ពុជា បានថ្លែងឱ្យដឹងថា បន្ទាប់ពីលោកស្រីទៅទស្សនកិច្ច នៅប្រទេសកូរ៉េ ជាច្រើនលើកច្រើនសារ បានមើលឃើញថា ផលិតផលគ្រឿងសម្អាង ដែលលោកសម្រេច នាំចូលមកពេលនេះ ពិតជាល្បីល្បាញនៅប្រទេសកូរ៉េប្រាកដមែន ដោយមានប្រជាជនកូរ៉េ ជាពិសេសស្ត្រីតែម្ដងនិយមប្រើ ដើម្បីតុបតែងខ្លួន និងថែរក្សាសម្ផស្ស។
លោកស្រីបានបន្ថែម គ្រឿងសម្អាងដែលនាំចូលពីប្រទេសកូរ៉េ ដើម្បីចរាចរនៅលើទីផ្សារកម្ពុជានេះ គឺជាភាគច្រើនជាហ្វូមលាងមុខ ជម្រុះធូលីលើផ្ទៃមុខ ចម្ចាត់មុនសាច់ មុនអង្កាម និងកម្ចាត់បាក់តេរីនៅលើផ្ទៃមុខ បំបាត់មុខជាំខ្មៅ ភាពជ្រាវជ្រួញ។ បន្ថែមពីនេះផលិតផលនេះ ទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និងតំណាងចែកចាយទូទាំងប្រទេសកម្ពុជា។
ផ្តើមចេញពីអាជីវករលក់ដូចតូចតាចគ្មានដើមទុនច្រើន និងគ្មានតូបតូចមួយសម្រាប់លក់ផលិតផល អ្នកស្រី ចុង ធា បានពុះពារគ្រប់ឧបសគ្គទោះបីជាពេលនោះ ការលក់ផលិតផលតូចតាចរបស់អ្នកស្រី សឹងតែមិនដាច់ទាល់តែសោះ តែអ្នកស្រី មានឆន្ទៈមួយថា អ្នកស្រីនឹងក្លាយជាអ្នកមានឱ្យបាន ដូចនេះ អ្នកស្រីមិនរាថយឡើយនៅក្នុងការធ្វើអាជីវកម្ម។
ចាប់ពីពេលនោះ អ្នកស្រីបានប្រឹងប្រែងក្នុងការលក់ផង និងចុះរកទីផ្សារលក់ដោយខ្លួនឯង រហូតដល់ការលក់របស់អ្នកស្រី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលឃើញពីភាពរីកចម្រើននេះ លោកស្រីក៏បានអភិវឌ្ឍន៍ខ្លួនពីអ្នកលក់តូចតាច មកបើកជាដេប៉ូលក់វិញម្តង។ ក្នុងការធ្វើអាជីវកម្មនេះ លោកស្រី ចុង ធា គឺផ្តោតសំខាន់ខ្លាំង លើការប្រមូលយកទីផ្សារ និងផ្សព្វផ្សាយពីគុណភាព និងតម្លៃផលិតផលរបស់អ្នកស្រី រហូតមានការទទួលស្គាល់ និងគាំទ្រច្រើនពីអតិថិជន។
លោកស្រីបញ្ជាក់ថា រាល់ផលិតផលដែលនាំចូល និងចែកចាយដោយក្រុមហ៊ុដីម៉ាសែល សុទ្ធតែត្រូវបានត្រួតពិនិត្យ គុណភាព និងសុវត្ថិភាព ពីក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅក្នុងប្រទេសកម្ពុជា និងកូរ៉េ ហើយផលិតផលទាំងនោះ មានការគាំទ្រ និងពេញនិយមជាខ្លាំងពីសំណាក់ប្រជាជនកូរ៉េ ប្រជាជនកម្ពុជា និងបណ្តាប្រទេសជាច្រើននៅលើពិភពលោក៕