(កណ្ដាល)៖ លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋបានយល់ដឹង ដើម្បីរួមគ្នាអនុវត្តប្រកបដោយជោគជ័យ ដោយតម្រូវឲ្យពួកគាត់ធ្វើស្រូវរដូវប្រាំងតែម្ដងប៉ុណ្ណោះ ព្រោះឆ្នាំនេះអាចខ្វះទឹកចៀសវាងកុំឱ្យមានការខាតបង់។

លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១ ស.រ.ណ.ន របស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការរក្សាទឹកទុក នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។

លោកបន្តថា អាជ្ញាធរត្រូវអប់រំប្រជាពលរដ្ឋ ឲ្យប្រើប្រាស់ដោយសន្សំសំចៃខ្ពស់ ទាំងការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងវិស័យកសិកម្មជាដើម ពិសេសត្រូវនាំគ្នាជួយថែរក្សាប្រភពទឹកដូចជាអាងទឹក ស្រះទឹក បឹង ទន្លេ ដោយការស្ដារស្រះ កុំបំពុលប្រភពទឹកដោយការចោលសំរាម និងបង្ហូរទឹកកខ្វក់ចូលឲ្យសោះ ធ្វើយ៉ាងណារួមគ្នាថែរក្សាប្រភពទឹកប្រើប្រាស់ឲ្យបានយូរអង្វែង។

លោក តាំង ម៉េងលាង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០១៩នេះ បានបង្កឲ្យមានព្យុះចំនួន ២៤លើក និងមានខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ស្ទើរគ្រប់ស្រុក មានផ្គររន្ទះបាញ់មនុស្សស្លាប់ម្នាក់ នៅឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង និងងាប់គោ ៣ក្បាល នៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល។

លោកបានបន្តថា ចំពោះស្រូវប្រាំងឆ្នាំ២០១៨-២០១៩ ប៉ះពាល់ និងខ្វះទឹកជាង ៣,០០០ហិកតា រួមមាននៅស្រុកលើកដែក ស្រុកកោះធំ និងស្រុកស្អាង ដែលត្រូវបានសង្គ្រោះបានចំនួន ២,៤២០ហិកតា ដោយមន្ទីរធនធានទឹក និងឧតុនិយម។ ដោយឡែកស្រូវរដូវវស្សាឆ្នាំ ២០១៩-២០២០ ប៉ះពាល់និងរាំងស្ងួតលើផ្ទៃដី ១,៤០០ ហិកតា នៅស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្រួល ដែលត្រូវបានសង្គ្រោះបានចំនួន ៤៧១ ហិកតា ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះស្រូវចុងរដូវវស្សា និងស្រូវប្រាំងនៅស្រុកកណ្ដាលស្ទឹងប្រមាណ ២៥០ហិតា និងស្រូវប្រាំងប្រដេញទឹក នៅស្រុកខ្សាច់កណ្ដាល ជាង៥០០ហិកតាកំពុងជួបការខ្វះទឹក ដែលមន្ទីរកំពុងអន្តរាគមន៍បូមទឹកជួយសង្គ្រោះផងដែរ៕