(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងធ្វើការអំពាវនាវដល់ពលរដ្ឋ ដោយបានបញ្ជាក់ថា ឆ្នាំនេះប្រទេសយើងអាចប្រឈមនឹងគ្រោះរាំងស្ងួត ដែលអូសបន្លាយយូ ដូច្នេះសូមជួយថែរក្សាប្រភពទឹក រួមទាំងទឹកក្រោមដីដើម្បីផ្គត់ផ្គង់តម្រូវការឲ្យបានគ្រប់គ្រាន់។
ការថ្លែងរបស់លោកស្រីបែបនេះនៅក្នុងឱកាសញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តទៀត ថាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងនោះវិស័យអភិវឌ្ឍន៍ជនបទ ក៏ត្រូវបានលើកម្ពស់ផងដែរ តាមរយៈផ្តល់ជូនរបស់អង្គការកូដូខ្មែរនៅប្រទេសបារាំង ដែលមានអណ្តូងទឹកស្អាតចំនួន ១១អណ្តូង និង ឡជីវឧស្ម័ន ចំនួន ១៥ឡ នាពេលនេះ គឺបានដល់ប្រជាពលរដ្ឋនៅតំបន់ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹកស្អាត និងបានជួយដល់ការសន្សំសំចៃ ដែលកើតចេញពីការ ប្រើប្រាស់នូវថាមពលចេញពីឡជីវឧស្ម័ន ដែលបំពេញសេចក្តីត្រូវការចាំបាច់របស់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រីបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាលសូមស្វាគមន៍ និងអបអរសាទរដល់សកម្មភាពផ្តល់អណ្តូងទឹកបែបនេះ និងសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយផ្តល់អណ្តូងទឹកបន្ថែមទៀត តាមដែលអាចធ្វើបាន នៅតំបន់ដាច់ស្រយ៉ាលផ្សេងៗទៀត នៅក្នុងខេត្តស្វាយរៀង និងពង្រីកការបង្កើតឡជីវឧស្ម័នបន្ថែមទៀត និងពង្រឹងនូវសមត្ថភាពក្នុងការរក្សាទុកបន្លែដែលប្រមូលផលបាន។
លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ឡជីវឧស្ម័នវិញ ព្រោះវាបានជួយសន្សំសំចៃអុសធ្យូងបានប្រមាណ២តោន ក្នុងមួយឡ យ៉ាងច្រើន ហើយឡជីវឧស្ម័ននេះ ក៏បានរួមចំណែកក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នកាបូនិកពីផលិតកម្មសត្វប្រមាណ ៤.៥តោន ក្នុងមួយឡ ក្នុងមួយឆ្នាំផងដែរ៕