(កណ្ដាល)៖ លោក ហួត ហ៊ាង ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចឲ្យឃុំខ្លួនបុគ្គលជនសង្ស័យឈ្មោះ ចំណាន សំណាង ជាបណ្តោះអាសន្នសិន នៅពន្ធនាគារខេត្តកណ្តាល ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារមិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ច បណ្តាលឲ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
យោងតាមមន្ត្រីនគរបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា អ្នកបើកបរឈ្មោះ ចំណាន សំណាង ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនដល់ក្នុងពន្ធនាគារខេត្តកណ្តាលរួចហើយ និងបានឃុំខ្លួន នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ។
សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
មុនពេលកើតហេតុ គេឃើញមន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។
បន្ទាប់ពីបើកបុកមន្ត្រីនគរបាលហើយ ជនបង្កបានបន្ថែមល្បឿនបើករត់គេចយ៉ាងលឿន ប៉ុន្តែដោយមានការសហការល្អរបស់សមត្ថកិច្ច បានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលពេទ្យថតពិនិត្យលទ្ធផលបានបង្ហាញថា នៅផ្នែកលលាដ៏ក្បាលរបស់ជនរងគ្រោះស៊្រាំ និងមានកកឈាម, បាក់ឆ្អឹងចង្កេះ និងជើងបាក់ទាំង២។ ជនរងគ្រោះ ទទួលបានការវះកាត់ដំណាក់កាលទី១ហើយ រង់ចាំតាមដានអាការៈជាបន្តទៀត។
សម្រាប់ការជួយសង្គ្រោះ និងព្យាបាល ជនរងគ្រោះត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕