(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងតាមរយៈសារលិខិតយ៉ាងដូច្នេះថា «ថ្វីត្បិតកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង និងទទួលបានជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រួយនៅឡើយ ព្រោះថាយើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែបន្តិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍ នឹងអាចផ្ទុះឡើងវិញជាមិនខានឡើយ ជាពិសេសយើងនៅមានការព្រួយបារម្ភ នៅក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្រី្តបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាជនចំណាកស្រុកជាដើម»។
សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានចេញដើម្បីចូលរួមក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»។
ក្នុងរយៈកាល២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និង កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ បានធ្លាក់ចុះពី ១.៦% នៅឆ្នាំ១៩៩៨ ធ្លាក់ចុះមកនៅ១% នៅឆ្នាំ២០០៦ និងធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៨% នៅឆ្នាំ២០១០ និង ០.៥% នៅឆ្នាំ២០១៩នេះ។
លើសពីនេះទៅទៀត អត្រាធ្វើតេស្តឈាមរកមេរោគអេដស៍ ក្នុងចំណោមស្ត្រីមានផ្ទៃពោះបានកើនឡើងខ្ពស់ អត្រាចម្លងពីម្តាយដែលមានផ្ទុកមេរោគអេដស៍ទៅកូន និងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ មានការថយចុះខ្លាំងគួរជាទីមោទនៈ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវ ដល់ពលរដ្ឋកម្ពុជា គ្រប់វ័យ រួមទាំងយុវជន និងបងប្អូនរួមជាតិ «រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ជាពិសេសអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់ សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ក្នុងឱកាសនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ចំណុច៦ សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា៖
១៖ សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីក សកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគំាពារ ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។
២៖ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ និងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ ព្រមទាំងជៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងចូលរួមសហការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
៣៖ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជម្រុញលើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវាព្យាបាលទាំងអស់គ្នា។
៤៖ សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍នេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។
៥៖ មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រ ដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវា សុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។
៦៖ សូមអ្នកផ្ទុកមេរោគអេដស៍កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សា និងការព្យាបាលឱ្យបានទាន់ពេលវេលា។
តាមរយៈសារលិខិតមួយនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជនរួមជាតិទាំងអស់ ពិតជាយល់ច្បាស់ និងបន្តផ្សព្វផ្សាយទៅកាន់សមាជិកគ្រួសារ បងប្អូន មិត្តភក្តិ និងសហគមន៍ឱ្យបានកាន់តែទូលំទូលាយថែមទៀត៕