(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី ពី២,៣០០នាក់ ក្នុងឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ៨៨០នាក់ ក្នុងឆ្នាំ២០១៩។
ចំណែកឯការផ្តល់ឱសថប្រឆាំងមេរោគអេដស៍វិញ អាចសម្រេចបាន៩៩% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ហើយដែលជាលទ្ធផល បានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ។
តាមរយៈសារលិខិតនូវសារលិខិត ក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ដែលអង្គភាពព័ត៌មានព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបញ្ជាក់ថា អត្រាធ្វើតេស្តឈាមរកមេរោគអេដស៍ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ បានកើនឡើងខ្ពស់ អត្រាចម្លងពីម្តាយ ដែលមានផ្ទុកមេរោគអេដស៍ទៅកូន និងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ មានការថយចុះខ្លាំងគួរជាទីមោទនៈ។
ថ្វីត្បិតកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង និងទទួលបានជោគជ័យ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រួយនៅឡើយ ព្រោះថា យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែបន្តិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍ នឹងអាចផ្ទុះឡើងវិញ ជាមិនខានឡើយ ជាពិសេសយើងនៅមានការព្រួយបារម្ភ នៅក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្រី្តបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាជនចំណាកស្រុកជាដើម។
អាស្រ័យហេតុនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលកំពុងស្ថិតនៅលើផ្លូវត្រូវ ក្នុងការ កសាងសង្គមមួយ ដែលគ្មានបញ្ហាអេដស៍នៅឆ្នាំ ២០២៥ ពោលគឺ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ព្រមទាំងបំបាត់បានទាំងស្រុងនូវការស្អប់ខ្ពើម រើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
ជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវ ដល់ពលរដ្ឋកម្ពុជា គ្រប់វ័យ រួមទាំងយុវជន និងបងប្អូនរួមជាតិ «រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ជាពិសេសអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់ សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ទៀតថា ក្នុងរយៈកាល២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោម ប្រជាជនទូទៅចាប់ពីអាយុ ១៥ ទៅ ៤៩ឆ្នាំ បានធ្លាក់ចុះពី ១.៦% នៅឆ្នាំ១៩៩៨ ធ្លាក់ចុះមកនៅ១% នៅឆ្នាំ២០០៦ និងធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៨% នៅឆ្នាំ២០១០ និង ០.៥% នៅឆ្នាំ២០១៩នេះ៕