(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានចេញនូវសារលិខិត ដើម្បីចូលរួមក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»។
សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា «ក្នុងនាមកាកបាទក្រហមកម្ពុជា ក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងប្រជាជនកម្ពុជា និងប្រជាជននៅលើសកលលោកទាំងមូល ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ដែលកម្ពុជាបានកំណត់ប្រធានបទ៖ ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និង ជំងឺអេដស៍»។
ប្រធានបទដែលបានកំណត់ឡើងនេះ មានគោលបំណងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកប ដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅ បញ្ចប់បញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០២៥។
ក្នុងរយៈកាល២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និង កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ បានធ្លាក់ចុះពី ១.៦% នៅឆ្នាំ១៩៩៨ ធ្លាក់ចុះមកនៅ១% នៅឆ្នាំ២០០៦ និងធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៨% នៅឆ្នាំ២០១០ និង ០.៥% នៅឆ្នាំ២០១៩នេះ។
សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ថា ជាមួយគ្នានេះ របាយការណ៍សង្ខេបរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩ នេះ បានបង្ហាញឱ្យដឹងថា កម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី បានពី ២,៣០០នាក់ ក្នុងឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ៨៨០នាក់ ក្នុងឆ្នាំ២០១៩ ចំណែកឯការផ្តល់ឱសថប្រឆាំងមេរោគអេដស៍វិញ អាចសម្រេចបាន ៩៩% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ហើយដែលជាលទ្ធផល បានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ។
លើសពីនេះទៅទៀត អត្រាធ្វើតេស្តឈាមរកមេរោគអេដស៍ ក្នុងចំណោមស្ត្រីមានផ្ទៃពោះបានកើនឡើងខ្ពស់ អត្រាចម្លងពីម្តាយដែលមានផ្ទុកមេរោគអេដស៍ទៅកូន និងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ មានការថយចុះខ្លាំងគួរជាទីមោទនៈ។
ថ្វីត្បិតកម្ពុជា សម្រេចបាននូវសមិទ្ធផលធំធេង និងទទួលបានជោគជ័យ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រួយនៅឡើយ ព្រោះថា យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែបន្តិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍ នឹងអាចផ្ទុះឡើងវិញ ជាមិនខានឡើយ ជាពិសេសយើងនៅមានការព្រួយបារម្ភ នៅក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្រី្តបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាជនចំណាកស្រុកជាដើម។
អាស្រ័យហេតុនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលកំពុងស្ថិតនៅលើផ្លូវត្រូវ ក្នុងការកសាងសង្គមមួយ ដែលគ្មានបញ្ហាអេដស៍នៅឆ្នាំ២០២៥ ពោលគឺ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ព្រមទាំងបំបាត់បានទាំងស្រុងនូវការស្អប់ខ្ពើម រើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
ជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវ ដល់ពលរដ្ឋកម្ពុជា គ្រប់វ័យ រួមទាំងយុវជន និងបងប្អូនរួមជាតិ «រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ជាពិសេសអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់ សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដូចតទៅ៖
១៖ សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីក សកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគំាពារ ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។
២៖ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ និងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ ព្រមទាំងជៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងចូលរួមសហការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
៣៖ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជម្រុញលើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវាព្យាបាលទាំងអស់គ្នា។
៤៖ សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍នេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។
៥៖ មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រ ដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវា សុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។
៦៖ សូមអ្នកផ្ទុកមេរោគអេដស៍កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សា និងការព្យាបាលឱ្យបានទាន់ពេលវេលា។
តាមរយៈសារលិខិតមួយនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជនរួមជាតិទាំងអស់ ពិតជាយល់ច្បាស់ និងបន្តផ្សព្វផ្សាយទៅកាន់សមាជិកគ្រួសារ បងប្អូន មិត្តភក្តិ និងសហគមន៍ឱ្យបានកាន់តែទូលំទូលាយថែមទៀត៕
សូមអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទាំងស្រុង៖