Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអសាទរ ! ថ្ងៃនេះ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៊ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (Video inside)

30-11-2019 08:18

(ភ្នំពេញ)៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៊ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ វាមានលក្ខណៈកំប្លុកកំប្លែង ស្រស់ស្រាយ ជួនកាលសំឡេងពីរោះរណ្តំបូកនឹងរឿងរ៉ាវសំខាន់ផន អាចធ្វើឲ្យមនុស្សជក់ចិត្ត ឬហូរទឹកភ្នែក។

ចាប៉ីដងវែង ជាឧបករណ៍ភ្លេងដែលមានខ្សែ ២ ឬ៤ ដែលប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរី និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ ហើយឧបករណ៍នេះក៏អាចលេងចូលក្នុងវង់ភ្លេងតន្ត្រីសម័យផងដែរ នេះបើតាមអ្នកជំនាញខាងចាប៉ីដងវែង។

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងអស់ចំនួន៨ហើយ ដែលក្នុងនោះចែកជា សម្បត្តិវប្បធម៌រូបី៣ និងសម្បត្តិវប្បធម៌អរូបី៥។ ១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី), ២៖ របាំព្រះរាជទ្រព្យ (អរូបី), ៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ៤៖ប្រាសាទព្រះវិហារ (រូបី), ៥៖ ល្បែងទាញព្រ័ត្រ (អរូបី), ៦៖ ចាប៉ីដងវែង (អរូបី), ៧៖ ប្រាសាទសំបូរព្រៃគុក (រូបី) និង៨៖ ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៕