(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងអេឡិចត្រូនិក ក្នុងបុរីពិភពថ្មីសង្កាត់ក្រាំងធ្នង់ បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន និងបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅចំណុចបុរីពិភពថ្មី ផ្ទះលេខ៤២ ផ្លូវលេខ០៥ ស្ថិតក្នុងភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំឡេងជនជាតិបរទេសម្នាក់ បានស្រែកឲ្យគេជួយ ខណៈដែលផ្ទះរបស់គាត់ ត្រូវបានភ្លើងឆាបឆេះជាន់ខាងក្រោម ហើយផ្ទះរបស់គាត់បានជាប់សោ។
ភ្លាមៗនោះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាជួយវាយកញ្ចក់ទ្វារផ្ទះ ដើម្បីជួយយកបំពង់ពន្លត់អគ្គិភ័យ បាញ់អន្តរាគមន៍កុំឲ្យមានការឆាបឆេះខ្លាំង។ ចំណែកឯជនបទខាងលើបានលោតចុះពីលើផ្ទះក៏មុតកញ្ចក់ទ្វាររងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យ ឲ្យចេញមកជួយអន្តរាគមន៍បាញ់ទប់ស្កាត់ នៃការឆាបឆេះខាងលើនេះផងដែរ។
សូមបញ្ជាក់ផងដែរថា អគ្គិភ័យដែលបានឆាបឆេះខាងលើនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញមកជួយអន្តរាគមន៍បាញ់ទឹកអស់ជាច្រើនគ្រឿង ទើបអាចទប់ស្កាត់នៃការឆាបឆេះមិនឲ្យរាលដាល ទៅផ្ទះជិតខាងផងដែរ។
ចំពោះករណីអគ្គិភ័យខាងលើនេះ បានបណ្ដាលឲ្យបុរសជនជាតិបរទេសម្នាក់រងរបួសស្រាល ដោយសារមុតកញ្ចក់ទ្វារផ្ទះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ដោយឡែកទំហំនៃការខូចខាត សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយនោះទេ៕