(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការងារឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន លើកទី១៣ (13th AMMTC) នៅទីក្រុងបាងកក ប្រទេសថៃ កម្ពុជាដែលជាសមាជិកមួយដែរនោះ បានធ្វើការប្ដេជ្ញាចិត្តថា នឹងចូលរួមជាមួយបណ្ដាប្រទេសក្នុងសហគមន៍អន្ដរជាតិ ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន លើការងារប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ដែលជាបញ្ហាសកល។

នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅប្រទេសថៃ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងយ៉ាងដូច្នេះថា «ប្រតិភូកម្ពុជាបានលើកឡើងនូវការអរគុណដល់បណ្ដាប្រទេសនានា ដែលបានសហការ ចូលរួមជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនកន្លងមកនេះ ហើយកម្ពុជាក៏ប្ដេជ្ញាចិត្តថា នឹងចូលរួមជាមួយសហគមន៍អន្ដរជាតិ ដើម្បីប្រយុទ្ធប្រឆាំងជាមួយសត្រូវរួមនេះ គឺឧក្រិដ្ឋជនឆ្លងដែននេះ»

បើតាមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាននេះ ប្រទេសកម្ពុជា ក៏ទទួលបាននូវការកោតសរសើរអំពីបណ្ដាប្រទេសផ្សេងៗ ហើយប្រទេសចិនក៏បានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបិទមិនអនុញ្ញាតឲ្យមានការលេងល្បែង តាមអនឡាញ។

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានអះអាងទៀតថា នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រទេសអាស៊ាន បូកចិន កូរ៉េ ជប៉ុន បានប្ដេជ្ញាចិត្តរួមគ្នាបង្កើន កិច្ចខិតខំប្រឹងប្រែងសហការគ្នា ផ្លាស់ប្ដូរព័ត៌មាន ផ្លាស់ប្ដូរបច្ចេកទេស បទពិសោធន៍ល្អៗ សម្រាប់ប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋឆ្លងដែននេះ ហើយធ្វើយ៉ាងណាឲ្យប្រាកដថា ឧក្រិដ្ឋជនឆ្លងដែនគេចខ្លួន ក៏ដូចជាចង់បង្កចលាចលក្នុងការងារសន្ដិសុខ ឬស្ថេរភាពនយោបាយនៅក្នុងប្រទេសនានា នឹងគ្មានកន្លែងជ្រកកោនឡើយ នៅក្នុងបណ្ដាប្រទេសអាស៊ាន និងប្រទេសដៃគូទាំងនេះ។

រដ្ឋមន្ដ្រីអាស៊ានបូក៣ បានឯកភាពគ្នាថា បទឧក្រិដ្ឋឆ្លងដែននេះ គ្មានប្រទេសណាមួយតែឯក ឯង ដែលអាចដោះស្រាយបញ្ហានេះបានឡើយ ព្រោះដែលហៅថា បទឧក្រិដ្ឋឆ្លងដែន គឺឧក្រិដ្ឋជនបានប្រព្រឹត្តបទល្មើសពីប្រទេសមួយ ហើយជះឥទ្ធិពល និងផលវិបាកដល់ប្រទេសមួយទៀត ឬឧក្រិដ្ឋជនឆ្លងពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីបង្កបទឧក្រិដ្ឋ ដូច្នេះទាល់តែប្រទេសដែលមានការពាក់ព័ន្ធ ពួតដៃគ្នាផ្លាស់ប្ដូរព័ត៌មាន សហការគ្នាជួយគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានគូសបញ្ជាក់បន្ថែមថា ប្រទេសដៃគូសហការរួមមាន កូរ៉េ ចិន ជប៉ុន បានប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការបន្ដជួយជ្រោមជ្រែង ចូលរួមជាមួយបណ្ដាប្រទេសអាស៊ានបន្ដទៀត ដោយធ្វើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ស្ថាប័នប្រតិបត្តិច្បាប់, ជួយពង្រឹងបែបបទ ឬច្បាប់ដែលមានចន្លោះប្រហោង និងសន្យាផ្ដល់នូវបច្ចេកទេស ឬសម្ភារផ្សេងៗផងដែរ ពិសេសពាក់ព័ន្ធប្រព័ន្ធព័ត៌មានវិទ្យាតែម្ដង៕