(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាច ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធពិធី អបអរសាទរខួបលើកទី៤១នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្តាតអូឡាំពិក និងវិមានឈ្នះ-ឈ្នះ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំ ណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរា ជធានីភ្នំពេញឱ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុ វ ជនកម្ពុជា (ស.ស.យ.ក) និងមានប្រារព្ធពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅពហុកីឡដ្ឋានជាតិ អូឡាំពិក និងវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ ដោយមានអ្នកចូលរួមចំនួន ២៥,៤១២នាក់។ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ និងបញ្ចៀសចរាចរណ៍ ជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ០៦៖០០នាទីព្រឹកតទៅ។ ដោយឡែកទីតាំងវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរតាមបណ្តោយផ្លូវជាតិលេខ៦ និងត្រើយខាងលិចស្ពានព្រែកព្នៅ ចាប់ពីម៉ោង ១២៖០០នាទីតទៅ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ មេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងទាំង២ខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌជ្រោយចង្វា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕