(ព្រះសីហនុ)៖ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានអនុញ្ញាតឲ្យប្រតិភូនគរបាលខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក HU SHUIWANG ស្នងការរងនគរបាលខេត្តយូណាន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាសំខាន់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន ក៏ដូចជាការបង្ការ បង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើភេវរកម្ម ។ ជាពិសេសការកសាងសមត្ថភាពនគរបាល(បណ្តុះបណ្តាល) សការណ៍បង្រ្កាប និងផ្លាស់ប្តូរព័ត៍មានគ្នានិងគា្ន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានមានជំរាបជូនគណៈប្រតិភូនូវសភាពការណ៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបច្ចុប្បន្នរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ខ្ពង់ខ្ពស់បានជំរុញអោយមានការកសាងផ្លូវ ក្ដានុងខេត្ត ស្តង់ដាចំនួន៣៤ខ្សែរក្នុងខេត្តអោយហើយក្នុងរយះពេលប្រមាណ៩ខែខាងមុខនេះ និងផ្លូវល្បឿនលឿន ផ្លូវជាតិលេខ៤ ភ្នំពេញ ព្រះសីហនុ ពង្រីក ព្រលានយន្តហោះ អន្តរជាតិកងកេង អោយហើយក្នុងប៉ុន្មាន ឆ្នាំ ខាងមុខនេះ និងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ លំហូនៃអ្នកវិនិយោគបរទេស ការអភិវឌ្ឍន៍របស់ខេត្តនេះដូចដែលគណៈប្រតិភូឃើញស្រាប់ ជាពិសេសសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលប៉ុន្មានខែចុងក្រោយនេះ អំពើរលួច ឆក់ គាស់ផ្ទះ ប្លន់ បង្ខាំង មនុស្សខុសច្បាប់ជំរឹតទារប្រាក់ បទល្មើសមជ្ឈឹមបង្រ្កាបបាន១០០ភាគរយ និងបទល្មើសឧក្រិដ្ឋបង្រ្កាបបាន៩៩ភាគរយ ទាំងនេះដោយសារការឆ្នៃប្រឌិតនៃការប្រើប្រាស់កម្លាំងជំនាញសរុប អនុវត្តបីជំហ៊ាន ទី១ អប់រំណែនាំ ទី២ចុះរឹតបន្តឹងផ្សព្វផ្សាយច្បាប់ តាមគោលដៅ និងទី៣ ការអនុវត្តច្បាប់ដោយតឹងបំផុត។
លោកឧត្តមសេនីយ៍ស្នងការក៏បានជំរាបជូនគណៈប្រតិភូអំពីរស្ថានភាពបញ្ហាចរាចរណ៍គ្រឿងញៀនដែរ ដែលកន្លងមកនេះបានបង្រ្កាបក្លឹបធំៗចំនួនបី ដែលជាទីតាំងរក្សាទុកនិងចែកចាយ ប្រើប្រាស់ គ្រឿងញៀន និងជាពិសេសថ្មីៗនេះបង្រ្កាបបានគ្រឿងញៀនដែលជនបរទេសរក្សាទុកនិងចែកចាយបានជាង២០គក ឃាត់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធរួមគំនិត២នាក់បញ្ជូនខ្លួនទៅតុលាការ និងមេខ្លោងកំពុងសុំដីការចាប់ខ្លួនពីតុលាការ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅខេត្តព្រះសីហនុនេះ មិនមានការដាំដុះ ផលិត រឺកែឆ្នៃនៃសារធាតុញៀនឡើយទេ មានតែការលួចលាក់ នាំចូល រក្សាទុក និងចែកចាយការប្រើប្រាស់គ្រឿងញៀន។
លោក HU SHUIWANG ស្នងការរងនគរបាលខេត្តយូណាន មានប្រសាសន៍ថា ដោយសារ បច្ចុប្បន្នបទល្មើសភាគច្រើនមានលក្ខណៈឆ្លងកាត់ ពី អន្តរជាតិ ដូច្នេះហើយនៅពេលអនាគតសមត្ថកិច្ចនគរបាល នៃប្រទេសយើងទាំងពីរគួរតែសហការគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានឲបានស៊ីជម្រៅថែមទៀត ។ លោកបន្តទៀតថា សាធារណរដ្ឋប្រជាមានិតចិន គាំទ្រជានិច្ចដល់នគរបាលជាតិកម្ពុជា ជាពិសេស នគរបាលខេត្តព្រះសីហនុ ទាំងស្មារតី និង ឧប្បករណ៍សម្ភារៈ ដែលបម្រើការឲ្យកិច្ចការងារសន្តិសុខ និងជាពិសេសក៏សូមថ្លែងអំណរគុណដល់នគររបាលជាតិកម្ពុជា ដែលកន្លងមកបានសហការគ្នាល្អក្នុងការបង្រ្កាបបទល្មើសនានា ក្នុងនោះបទល្មើស VOIP ។
ក្នុងជំនួបនេះដែរ លោក HU SHUIWANG ក៏បានគោរពអញ្ជើញ លោកឧត្តមសេនីយ៍ស្នងការ និងសហការី ទៅទស្សនៈកិច្ចនៅខេត្តយូណា ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្លាំងសមត្ថកិច្ចចិន ក្នុងការបង្ការ ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងភេវរកម្មឆ្លងដែន ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន នៃប្រទេសទាំងពីរ ។
លោកឧត្តមសេនីយ៍ស្នងការក៏បានបន្ថែមថា ស្នងការនគបាលខេត្តព្រះសីហនុ ត្រៀមលក្ខណៈជានិច្ចដើម្បីទទួលនូវសំណូមពររាល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងភេវរកម្មឆ្លងដែន ជាពិសេសបទល្មើសសេដ្ឋកិច្ចផងដែរ ដោយផ្អែកលើច្បាប់ជាចម្បង៕