(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ពិតប្រាកដ។
ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខ ឯកជន លើកទី២៤ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។
ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនរូបនេះ បានគូសបញ្ជាក់ថា កិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម គឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា តាមគ្រប់គ្រប់រូបភាពដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលកំពុងស្ថិតនៅប្រទេសកម្ពុជា។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួនាទី ត្រឹមតែជាអ្នកការពារ ទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិសាធារណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជា កម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។
លោកបានអះអាងទៀតថា ប្រសិនបើភ្នាក់ងារសន្ដិសុខឯកជន បានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយមិនថា ស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត ឬមកនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនផ្ទាល់។ ក្នុងករណី បទល្មើសជាក់ស្តែង ភ្នាក់ងារសន្តិសុខ ក៏មានសិទ្ធិជួយជាកម្លាំងជំនួយ ក្នុងការជួយឃាត់ជនល្មើសត្រូវរាយការណ៍ភ្លាមដល់ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់កាត់តាមច្បាប់។
រយៈពេល២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួន បម្រើផលប្រយោជន៍សង្គមជាតិ ក្នុងផ្លូវវិជ្ជមានឲ្យបានសមស្រប តាមក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានលើកទឹកចិត្តឲ្យយកចំណេះដឹង ដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្ត
ដល់សហសេវិករបស់បងប្អូន ឬប្រជាពលរដ្ឋដ៏ទៃទៀតឲ្យបានយល់អំពីសារៈសំខាន់ នៃការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕