(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សន សោភ័ណ អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក HAO CHIYONG ប្រធានសមាគមសារការី ប្រទេសចិន និងជាអនុប្រធានគណៈកម្មការសារការីអន្ដរជាតិ ទទួលបន្ទុកកិច្ចការអាស៊ាន ព្រមទាំងប្រតិភូចិន០៥រូបទៀត ក្នុងកិច្ចដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅប្រទេសកម្ពុជា។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីប្រព័ន្ធសារការី និងកិច្ចសហប្រតិបត្ដិការឲ្យកាន់តែល្អទៀត រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះផងដែរ លោក សន សោភ័ណ និង HAO CHIYONG ក៏បានពិភាក្សាលំអិតអំពី៖
១៖ លទ្ធភាពនៃការទទួលយកសាស្ត្រាចារ្យចិន មកបង្រៀននិងធ្វើបទបង្ហាញជូនសិស្សសារការី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ២៖ លទ្ធភាពនៃការបញ្ជូនសិស្សសារការីជំនាន់២ នៃសាលាភូមិន្ទសារការី ទៅធ្វើកម្មសិក្សានៅមន្ទីរសារការីរបស់ចិន។
ក្នុងជំនួបនេះ ភាគីទាំង២ បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃទស្សនកិច្ចរបស់ភាគីចិន ហើយប្តេជ្ញាជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍវិជ្ជាជីវៈសារការីកម្ពុជា-ចិន។ ជាចុងបញ្ចប់ លោក HAO CHIYONG ក៏បានកោតសរសើរក្រសួងយុត្ដិធម៌កម្ពុជា ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈសារការីឲ្យកាន់តែមានភាពល្អប្រសើរ ហើយលោកក៏សង្ឃឹមថា កម្ពុជានឹងអាចចូលជាសមាជិកនៃសហភាពសារការីអន្ដរជាតិក្នុងពេលសមស្របណាមួយ។